(ភ្នំពេញ)៖ អតីតសិស្សសាលាបឋមសិក្សាព្រែកប្រាក្រោមមួយក្រុមមានជាង៦០នាក់ ដឹកនាំដោយលោក ព្រំ ស្រស់ បានរៀបចំកម្មវិធីជួបជុំលោកគ្រូ-អ្នកគ្រូអំឡុងទស្សវត្សន៍៨០-៩០ ដែលធ្លាប់បានបង្រៀនពួកគាត់តាំងពីនៅក្មេងវ័យ ដើម្បីរំលឹកគុណគ្រូដែលបានខិតខំបង្រៀនតាំងពីនៅក្មេងវ័យ។ កម្មវិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាព្រែកប្រាក្រោមស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ។

ស្ថិតនៅក្នុងឱកាសនេះ លោក ព្រំ ស្រស់ ប្រធានក្រុម បានលើកឡើងថា លោកមានការនឹករឭក និងដឹងគុណគ្រូទាំងអស់អស់ដែលធ្លាប់បានបង្រៀនពួកលោកកាលពីនៅក្មេងៗ ដែលជាសសរគ្រឹះយ៉ាងរឹងមាំឲ្យពួកគាត់ មានការសិក្សារៀនសូត្រ បង្រៀនឱ្យចេះមានក្រមសីលធម៌ជាកូនល្អក្មេងល្អសិស្សល្អ ហើយធំឡើងមានសមត្ថភាព មានជំនាញផ្សេងៗជាដើម ទើបលោកមានគមនិតប្រមូលមិត្តភក្ដិទាំងអស់ដែលធ្លាប់រៀនសាលាជាមួយគ្នា នៅជំនាន់នោះ មករៀបចំកម្មវិធីជួបជុំ ព្រមទាំងឧបត្ថម្ភស្បៀងអាហារ និងថវិការផងដែរ។

ជាមួយគ្នានេះ សិស្សរួមសាលាដែលមកចូលរួមផងនោះរួមមាន៖ លោក និល បូរី, លោក កួន នាងរិទ្ធ, លោកស្រី រស់ សុខុម និងលោកស្រី ម៉ក់ ស្រីមុំ បានបង្ហាញពីចំណាប់ដូចគ្នាជុំវិញការដឹងគុណគ្រូដែលជាមាតាបិតាទី២ របស់ខ្លួន ហើយក័ចង់បង្ហាញពីគំរូល្អៗសំរាប់យុវជនទាំងអស់ និងក្មេងៗជំនាន់ក្រោយឲ្យស្គាល់ពីតម្លៃនៃគ្រូបង្រៀន និងចេះដឹងគុណពួកគាត់ប្រកបដោយទឹកចិត្តសប្បុរស។

ស្របពេលនឹងពិធីនេះ លោកគ្រូ សៀង ហុក និងអ្នកគ្រូ ហឿង លី ក៏បានថ្លែងពីចំណាប់ភ្ញាក់ផ្អើល និងរំភើបឥតឧបមា ដែលអតីតសិស្សដែលពួកគាត់បង្រៀន មានការដឹងគុណ កតញ្ញូ ស្គាល់គុណគ្រូដែលខិតខំបង្រៀនពីក្មេងមក ហើយនេះជាបង្ហាញពីទឹកចិត្តដ៍ល្អរបស់កូនខ្មែរយើង និងជាគំរូល្អវិសេសវិសាលសំរាប់សិស្សជំនាន់ក្រោយៗទៀត។

សូមជម្រាបថា នេះជាលើកទី១ហើយដែលលោក ព្រំ ស្រស់ បានរៀបចំកម្មវិធីនេះឡើង និងបន្តធ្វើជារៀងរាល់ឆ្នាំតទៅមុខទៀត៕