(ភ្នំពេញ)៖ លោក ផន សុភាព ប្រធានការដ្ឋានសាងសង់ OCIC តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ២៣០គ្រួសារ ដែលស្ម័គ្រចិត្តរស់នៅក្នុងបុរី «រុងរឿង» នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។

លោក ផន សុភាព បានឲ្យដឹងថា កន្លងមកក្រុមហ៊ុន បានធ្វើការចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន៣០លើករួចមកហើយ ហើយនេះក៏ជាលើកទី៣១ផងដែរ។

លើសពីនេះទៀត ដោយក្តីព្រហ្មវិហាធម៌ របស់អ្នកឧកញ៉ា ពុង ឃាវសែ និងគណៈគ្រប់គ្រងបុរីរុងរឿង ចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ ជូនប្រជាពលរដ្ឋបន្ថែមផងដែរដូចជា៖

* បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋរស់នៅបុរីរុងរឿង សរុបមានចំនួន៥៥នាក់។

* បានផ្តល់មូលនិធិឥតយកការប្រាក់ និងមិនគិតពីប្រាក់ចំណេញប្រកបដោយក្ដីអាណិតមេត្តា ករុណា ដ៏ប្រពៃ ជូនបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកដែលមានជីវភាពខ្វះខាត ដោយពុំយកការប្រាក់បានកើនឡើង ១៧លាន១សែនរៀល។

គិតមកដល់បច្ចុប្បន្ន ចំនួនអ្នកខ្ចីឥណទានមានចំនួនសរុប ៦៧នាក់ (បុគ្គលិកមានចំនួន៦២នាក់) (ប្រជាជនមានចំនួន០៥នាក់) (អ្នកបង់ឥណទាន រួចរាល់មានចំនួន ៥៨នាក់ នៅសល់០៩នាក់កំពុង) ដោយការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនម្ចាស់មូលនិធិ បងប្អូនទាំងអស់បានខិតខំបង់ត្រឡប់ បានយ៉ាងទៀងទាត់ ជាបន្តបន្ទាប់។

* បានឧបត្ថម្ភកង់, ក្រម៉ា និងសារ៉ុង, អង្ករ និងសម្ភារៈផ្សេងៗជាច្រើនទៀត ដែលចំណាយអស់ទឹកប្រាក់សរុបជាង២៣លានរៀល។

ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខដុមរមនា ក្នុងបុរីរុងរឿង បានសម្ដែងភាពសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះមានផ្ទះរស់នៅសមរម្យ មានប្រព័ន្ធទឹកស្អាត ប្រើប្រាស់មានប្រព័ន្ធ លូត្រឹមត្រូវ និងលើសពីនេះទៀត ទាំងលក្ខណៈជីវភាពររស់នៅ ក៏កាន់តែល្អប្រសើរឡើងជាលំដាប់។

តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងនោះ មានផ្សារ មានសាលារៀន សម្រាប់កូនចៅ មានមន្ទីរពេទ្យ មានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ ដែលបង្កលក្ខណៈ ឲ្យអាចប្រកបអាជីវកម្ម បង្កើនប្រាប់ចំណូលប្រចាំថ្ងៃ ល្អប្រសើរ និងខ្លះទៀត ទទួលបានការងារក្នុងបុរី និងទទួលបានប្រាក់បៀវត្ស សមរម្យផងដែរ។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌របស់អ្នកឧកញ៉ា ពុង ឃាវសែ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង បើគិតពីការ ចំណាយតាំងពីលើកទី១ ដល់លើកទី៣១នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានចំណាយអស់ទឹកប្រាក់សរុប មានចំនួនប្រមាណ៨៨៤លានរៀលហើយ៕