(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្ដ។ សន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅសណ្ឋាគារសុខាភ្នំពេញ។

យោងតាមរបាយការណ៍ស្ដីពីលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា ដោយការធ្វើដំណើរលើពិពភលោកត្រូវបានជាប់គាំងដោយសារជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវបានបណ្តាល ឲ្យភ្ញៀវបរទេសចូលកម្ពុជា មានការថយចុះយ៉ាងគំហុក បើប្រៀបធៀបរយទៅនឹងឆ្នាំ២០២០ ថយចុះ ៩០,៦៧% និងបើប្រៀបក្នុងឆ្នាំ២០១៩ មុនការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ថយចុះរហូតដល់ ៩៧,៦៥% ក្នុងនោះភ្ញៀវទេសចរណ៍ថយចុះ ៩៥,០២% និងថយចុះអ្នកជំនួញ ៦១,៤៦%។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចេញទៅបរទេសមានការថយចុះ ៩២,២១% និងពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរបរទេសចាប់បញ្ជូនមកវិញក៍មានការថយចុះ ៤៥,៦៤% ផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ពេញមួយឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបានធ្វើការអប់រំពង្រឹងស្មារតី និងដាស់តឿនជាប់ជាប្រចាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ជួរមុខ ដែលបំពេញភារកិច្ចនៅតាមច្រកទ្វារអន្តរជាតិទាំងអស់ ឲ្យមាននិរន្តរភាពការងារ និងថែរក្សាអនាម័យផ្ទាល់ខ្លួនតាមវិធានសុខាភិបាលរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានធ្វើការកត់សម្គាល់នូវលទ្ធផលការងារ និងសមិទ្ធផលសំខាន់ៗមួយចំនួន ដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ខិតខំរួមគ្នាពុះពារសម្រេចបានក្នុងឆ្នាំកន្លងទៅ ដែលរួមមាន៖ ការគ្រប់គ្រងការចេញចូលប្រទេស បានពង្រឹងវិធានការគ្រប់គ្រងការចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែននានាទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស សំដៅទប់ស្កាត់ និងដោះស្រាយតាមច្បាប់បានទាន់ពេលវេលានូវការឆ្លងកាត់ព្រំដែនខុសច្បាប់ ជាពិសេសការចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ការសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងទទួលពលករខ្មែរដែលចូលមកពីបរទេស។

ការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេស បានដាក់ចេញនូវគោលការណ៍ វិធានការសំដៅបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងវត្តមានជនបរទេសដែលចូលមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជា ក្នុងគោលដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍជាតិ។ កិច្ចការនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្រជុំដកពិសោធន៍ការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសតាមប្រព័ន្ធ FPCS ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាប្រឈមនានា របស់មន្ត្រីសមត្ថកិច្ចនៅតាមមូលដ្ឋាន និងដំណោះស្រាយក្នុងការប្រើប្រាស់ប្រព័ន្ធនេះ។

ចំពោះការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត៖ អគ្គនាយកដ្ឋាន ក៏បានរៀបចំបង្កើតប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ធ្វើការគ្រប់គ្រងទិន្នន័យ និង សំណុំឯកសាររបស់ជនបរទេសអន្តោប្រវេសន្ត (ហៅកាត់ថា IMS) ដោយបានបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធនេះ។ តាមទិន្នន័យ នៃការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ពិនិត្យឃើញថាមានជនបរទេសអន្តោប្រវេសន្តមួយចំនួន មិនមកបន្តសុពលភាព និងមួយចំនួនដែលដល់អាយុ១៨ឆ្នាំ មិនមកស្នើសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍។

នាយឧត្តមសេនីយ៍បន្ដថា អគ្គនាយកដ្ឋានកំពុងមានវិធានការដើម្បីជំរុញឲ្យពួកគេគោរពត្រឹមត្រូវតាមច្បាប់។ ការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន និងការងារអធិការកិច្ចហត្ថពលកម្មបរទេស នៅក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបន្តកិច្ចសហការជាមួយ អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងវណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសនានា និងធ្វើការផាកពិន័យជនបរទេសណាដែលពុំមានបណ្ណការងារផងដែរ។

ដោយឡែក សម្រាប់ការងារគ្រប់គ្រងជនភៀសខ្លួន និងជនសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋានក៏បានអនុវត្តកិច្ចសហការល្អជាមួយអង្គការដៃគូពាក់ព័ន្ធស្របតាមអនុសញ្ញា និងកិច្ចព្រមព្រៀងនានាស្ដីពីជនភៀសខ្លួន ដែលប្រទេសកម្ពុជាជាភាគីហត្ថលេខីផងដែរ៕