(ស្ទឹងត្រែង)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការអន្ទាក់សូន្យ ដែលដាក់ចេញរយៈពេល៦ខែ ក្នុងខេត្តចំនួន៦ ក្នុងភូមិសាស្ត្រភាគខាងកើតទន្លេមេគង្គ ជាការផ្តល់សញ្ញាមួយថ្មីនៃការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់របស់ អាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសសត្វព្រៃគ្រប់ប្រភេទនៅតាមទីផ្សារតាម ភោជនីយដ្ឋាន តាមសណ្ឋាគារ ផ្ទះសំណាក់ និងនៅតាមតំបន់ទេសចរណ៍នានា តាមរយៈក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ជាក្រុមអ្នកអនុវត្តច្បាប់។

ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង ទីរួមខេត្តស្ទឹងត្រែង ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា យុទ្ធនាការនេះ ដើម្បីចូលរួមផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់ ប្រជាពលរដ្ឋមួយចំនួនដែលប្រកបរបរដាក់អន្ទាក់ និងបរបាញ់សត្វព្រៃឱ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះ និងងាកទៅចាប់មុខរបរថ្មីជំនួសវិញ និងដើម្បីឱ្យប្រជាពលរដ្ឋមួយចំនួន ដែលចូលចិត្ត ហូបសាច់សត្វព្រៃឱ្យបញ្ឈប់ការហូបសាច់សត្វព្រៃ បញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ បញ្ឈប់ការជួញដូរសំណាក់សត្វព្រៃ និងងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្សសត្វ ព្រៃដើម្បីផលប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ី និងផលប្រយោជន៍ទេសចរណ៍ធម្មជាតិ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា «ជារៀងរាល់ថ្ងៃ សត្វព្រៃដ៏មានតម្លៃរបស់យើង ត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងគ្រាប់កាំភ្លើងកែច្នៃសម្លាប់ ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារ ដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ»

លោក នេត្រ ភក្ត្រា បានបន្តថា សត្វព្រៃមួយក្បាលៗដែលត្រូវបានសម្លាប់ បើគិតជាសាច់មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិ ក៏មិនឆ្ងាញ់ដូចសត្វស្រុកទេ ហើយក៏មិនមែនពិសាទៅធ្វើឱ្យយើងមានសុខភាពល្អ ជីវិតអមតៈ ដូចពាក្យចចាមអារាមនោះឡើយ ប៉ុន្តែបើយើងគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗ ពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ។

ថ្លែងចេញពីទឹកភូមិភាគឦសាន អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា នៅក្នុងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន ទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសត្វព្រៃ នៅក្នុងឆ្នាំ២០២១កន្លងទៅ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១,៦១១អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន៧៣ និងច្រករបៀងជីវចម្រុះចំនួន៣ ក្នុងប្រទេសកម្ពុជា។ ជាមធ្យមក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង៤០,០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជំុរញឱ្យសមត្ថកិច្ចគ្រប់ប្រភេទក្នុងខេត្ត ត្រូវបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យមានភាពស៊ីសង្វាក់ ប្រទាក់ក្រឡា ឆ្ពោះទៅអនុវត្តរាល់វិធានការទប់ស្កាត់ និងបង្ក្រាប់រាល់ទម្រង់នៃបទល្មើសធនធានធម្មជាតិ ដែលអាចនឹងឈានទៅធ្វើឱ្យខូចខាត បាត់បង់ចំពោះប្រភេទនៃធនធានកទាំងនោះក្នុងតំបន់ទេសភាព និងតំបន់ធម្មជាតិនៃដែនសមត្ថកិច្ចខេត្តរបស់ខេត្តឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត សូមគាំទ្រ និងជំរុញការអនុវត្តនូវច្បាប់ វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះការធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចខេត្តស្ទឹងត្រែង។

លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា៖ «វិធានការសម្រាប់ពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងការនាំខ្លួនអ្នកដាក់អន្ទាក់ អ្នកប្រមាញ់ និងអ្នកជួញដូរសត្វព្រៃទៅតុលាការ មានភាពចាំបាច់ដើម្បីបញ្ចប់ការសំលាប់សត្វព្រៃកុំឲ្យមានតទៅទៀត។»

លោកបានបន្ថែមទៀតថា៖ «លើសពីនេះទៀត គេត្រូវដាក់ចេញនូវវិធានការដើម្បីបិទរាល់ទីផ្សារសត្វព្រៃទាំងអស់នៅក្នុងមូលដ្ឋាន និងត្រូវអនុវត្តការចុះត្រួតពិនិត្យតាមដានជាប្រចាំដោយមន្ត្រីអនុវត្តច្បាប់ចល័ត»

វានៅទាន់មិនយឺតពេលទេក្នុងការរួមគ្នាដើម្បីធ្វើឱ្យមានការផ្លាស់មួយជាវិជ្ជមានសម្រាប់ការអភិរក្ស និងស្តារចំនួនសត្វព្រៃនិងធនធានធម្មជាតិឡើងវិញ ប៉ុន្តែយើងត្រូវតែចាប់ផ្តើមកិច្ចការនេះចាប់ពីពេលឥឡូវនេះតទៅនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ដើម្បីរៀបចំវិធានការអភិរក្សរួមគ្នាបន្ទាន់ក្នុងការអភិរក្សធនធានព្រៃឈើ សត្វព្រៃ និងស្តារធនធានធម្មជាតិកម្ពុជាឱ្យប្រសើរឡើង។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធាន សត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកលក្នុងពេលអនាគតខាងមុខ។

ព្រះតេជៈព្រះគុណ ថូ ធូរស់ ព្រះវិន័យធរគណខេត្តឧត្តរមានជ័យ និងជាព្រះប្រធានសង្ឃរុក្ខាវ័ន បានមានសង្ឃដីកាថា៖ «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប រាប់ទាំងព្រះសង្ឃផងដែរ មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការចូលរួមការពារ និងស្ដារឡើងវិញនូវចំនួនសត្វព្រៃ និងធនធានធម្មជាតិកម្ពុជា។ ព្រះសង្ឃកម្ពុជាទទួលស្គាល់ពីសារៈសំខាន់នៃតួនាទីរបស់ខ្លួនក្នុងការផ្សព្វផ្សាយដើម្បីបញ្ចៀបពុទ្ធឪវាទដែលមានឥទ្ធិពលវិជ្ជមានក្នុងការអប់រំ និងអាចកែប្រែឥរិយាបថ និងជំនឿដែលពុំមានមូលដ្ឋានត្រឹមត្រូវរបស់អ្នកនិយមបរិភោគសាច់ព្រៃ ឬជាវផលិតផលពីសត្វព្រៃ»

ព្រះតេជគុណ ថូ ធូរស់ បានមានសង្ឃដីកាថាបន្ថែមថា៖ «ព្រះសង្ឃចាំបាច់ចូលរួមតាមរយៈការផ្តល់ធម៌ទេសនា ឬជជែកជាប្រចាំជាមួយពុទ្ធសាសនិកដោយបញ្ចៀបនូវសារសំខាន់ៗអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃកម្ពុជា និងភាពចាំបាច់ក្នុងការកាត់បន្ថយតម្រូវនៃសាច់ និងផលិតផលសត្វព្រៃ»

លោក នេត្រ ភក្ត្រា ក៏បានរំឮកថា កាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ដែលជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃ ចំនួន ៦២៥លើក សង្គ្រោះសត្វព្រៃបាន១២៧១ក្បាល រឹបអូសសាច់សត្វព្រៃចំនួន ៣៦០៩ក្បាល និងរឹបអូសសាច់សត្វព្រៃគ្រប់ប្រភេទចំនួន ៣៥៤គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន១១ ទៅតុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិវិញចំនួន ៨៦៤ក្បាល។

ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែង យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្ត មន្ទីរបរិស្ថានដែលគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិចំនួន៦ ដែលមានផ្ទៃដីសរុបទំហំ ៨២៤,៣៥៤0,៧៣ហិកតា និងមានឧទ្យានុរក្សចំនួន៦១នាក់ ស្រី០៦នាក់ បានបង្ក្រាបបទល្មើសបានចំនួន ៣៥៩ករណី ពីដើមឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្នុងនោះបានដកហូតអន្ទាក់បាន ចំនួន១,២៥២ខ្សែ ជុងទាក់សត្វចំនួន៩០កង ម៉ងទាក់សត្វចំនួន ៣៤ត្បូង ធ្នាក់ទាក់សត្វលលកចំនួន០១ លុបទាក់សត្វ ចំនួន០១ បណ្តឹងទាក់សត្វចំនួន២៥ខ្សែ អង្គប់ដាក់សត្វចំនួន ៦០អង្គប់ អាវុធអាកាចំនួន០១ដើម កាំភ្លើងកែច្នៃចំនួន ៥២ដើម ស្នាតេះចំនួន១១ដើម ចំពាមកៅស៊ូចំនួន០៣៕