(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៣៥ នៅខេត្តព្រះសីហនុ។

តាងនាមតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខដល់ ភ្នាក់ងារសន្តិសុខឯកជន នៅខេត្តព្រះសីហនុទាំងអស់ពីថ្នាក់ដឹកនាំ ជាពិសេសនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុក្ខខ្ពស់ និងគាំពារ ដល់ភ្នាក់ងារសន្តិសុខឯកជន ព្រោះវិស័យសន្តិសុខឯកជន បានចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជា ពលរដ្ឋ អ្នកវិនិយោគ និងសង្គមជាតិ។

ហេតុនេះហើយថ្នាក់ដឹកនាំ បានសង្កេតឃើញថា សក្តានុពល និងការរីកចំរើនលើគ្រប់វិស័យ នៅខេត្តព្រះសីហនុ គួរឲ្យកត់សម្គាល់បានធ្វើឲ្យមានតម្រូវការសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងរក្សាបាននូវសុខសុវត្ថិភាពជូនអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដូច្នេះយើងសង្គេតឃើញថា វិស័យសន្តិសុខឯកជន ក៏មានការរីកចម្រើនយ៉ាងខ្លាំងនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបតាមតម្រូវការទាំងអស់នេះ។

ប៉ុន្តែការបំពេញតម្រូវទាំងអស់នោះ បានធ្វើឲ្យមានការឆកល្វែងនូវការពង្រឹងសមត្ថភាព និងគុណភាព លើភ្នាក់ងារសន្តិសុខឯកជនមួយចំនួន ធ្វើឲ្យមានភ្នាក់ងារសន្តិសុខឯកជនមួយចំនួននោះ ធ្វើសកម្មភាពផ្ទុយទៅនឹងច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់ ធ្វើឲ្យមានភាពចន្លោះប្រហោងនូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព បែរជាមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើស គឺជាពិសេសការប្រើប្រាស់អំពើហិង្សា ការបង្ខាំងមនុស្ស ឬបង្ខាំងជនល្មើស ដែលបានប្រព្រឹត្តបទល្មើស ហើយរក្សាទុករយៈពេលយូរមិនបានរាយការណ៍ ឬមិនសហការជាមួយសមត្ថកិច្ចនោះទេ។

លោកប្រធាននាយកដ្ឋាន គូសបញ្ជាក់ថា ដោយមើលឃើញបែបនេះហើយទើបអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ឲ្យនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកវគ្គបំប៉នជំនាញដល់ភ្នាក់ងារសន្តិសុខឯកជន លើកទី៣៥នាពេលនេះ ដើម្បីពង្រឹងនូវសមត្ថភាព និងគុណភាព ដល់ភ្នាក់ងារសន្តិសុខឯកជន ឲ្យមានវិជ្ជាជីវៈច្បាស់លាស់ និងឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងកិច្ចការពារសន្តិសុខសង្គម។

ជាមួយគ្នានេះ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងលើកទឹកចិត្តដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ចូលរួមការពារថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ និងបានចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ថែមថា នៅក្នុងវគ្គបំប៉នជំនាញនេះសិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ហារពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុជាដើម។

លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់វាលហ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះ ទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិទាំងមូល៕