(ព្រះវិហារ)៖ ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមានឡើងនៅលើដងផ្លូវ ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ចេញសេចក្តីអំពាវនាវ ១០ចំណុច ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

យោងសេចក្តីអំពាវនាវរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមសំខាន់ ដែលអាចកើតមានឡើងជាយថាហេតុ បណ្តាលឱ្យរងរបួសនិងបាត់បង់ជីវិតភ្លាមៗ ប្រសិនបើអ្នកប្រើប្រាស់ផ្លូវមិនមានការប្រុងប្រយ័ត្នខ្ពស់ និងមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ដើម្បីបង្ការនិងទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវត្រូវអនុវត្តដូចខាងក្រោម៖

* មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត
* មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត
* មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនជាដាច់ខាត
* មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកជាដាច់ខាត
* ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត
* ត្រូវពាក់មួកសុវត្ថិភាពជានិច្ច(ទាំងបើកបរនិងអ្នករួមដំណើរ)
* ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច(ទាំងអ្នកបើកបរនិងអ្នករួមដំណើរ)
* ត្រូវប្រកាន់ស្តាំជានិច្ច
* ត្រូវត្រួតពិនិត្យលក្ខណះយានយន្តជានិច្ច
* ត្រូវប្រុងប្រយ័ត្នជានិច្ច៕