លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានមានប្រសាសន៍ថា៖ «នេះជាលើកទី៤ ហើយដែល វ.ស.ស. និង CFPA មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការកៀរគរជំនួយជាសម្ភារៈសិក្សាពីសប្បុរសជននិងក្រុមហ៊ុនចិន និងសម្របសម្រួលផ្តល់ជូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៅតាមបណ្តាខេត្តនានា។ គិតចាប់តាំងពីឆ្នាំ២០១៩មក មូលនិធិ CFPA បានកៀរគរជំនួយជាសម្ភារៈសិក្សាសរុបចំនួន ១១០.៣១៦កញ្ចប់ ពីក្រុមហ៊ុនអាលីបាបា និងនៅឆ្នាំ២០២២នេះ រួមមានកង់ ១.០០០គ្រឿង ជាអំណោយរបស់ក្រុមហ៊ុនចិន Hello Bike ដែលជំនួយទាំងអស់សរុបជាទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាម៉េរិក បានចែកជូនដល់សិស្សបឋមសិក្សាចំនួន ៤៨៣សាលារៀន នៅ ១៨រាជធានី-ខេត្ត។»

លោកបានបន្ថែមទៀតថា៖ « វ.ស.ស. នឹងខិតខំពិនិត្យលទ្ធភាពក្នុងការកៀរគរជំនួយបែបនេះបន្ថែមទៀតសម្រាប់ជួយដល់សិស្សានុសិស្សដែលមានជីវភាពគ្រួសារជួបប្រទះការលំបាក ដោយហេតុថា ជំនួយដ៏ថ្លៃថ្លានេះបានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានសំណូមពរស្នើសុំបន្តឱ្យមានការឧបត្ថម្ភជំនួយជាសម្ភារៈសិក្សានិងកង់បន្ថែមទៀត ដើម្បីចែកជូនដល់សិស្សានុសិស្សនៅតាមសាលារៀនផ្សេងទៀត ជាពិសេសក្នុងពេលដែលជីវភាពរបស់អាណាព្យាបាលសិស្សកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិកូវីដ-១៩។»

ក្នុងឱកាសនៃពិធីចែកសម្ភារៈសិក្សានេះដែរ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជានាយករដ្ឋមន្ត្រី ជូនដល់លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្សនិងឪពុកម្តាយ ជាពិសេសពរជ័យសព្វសាធុការក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខាងមុខនេះ។ លោកបានរំលឹកដល់ក្មួយៗទាំងអស់ឱ្យចងចាំច្បាស់នូវគុណូបការៈនិងវីរភាពមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោសែន ក្នុងការតស៊ូដើម្បី៖ ១-សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ២-នាំសន្តិភាពពេញលេញជូនដល់មាតុប្រទេសនិងការអភិវឌ្ឍមិនធ្លាប់មានលើគ្រប់វិស័យនៅកម្ពុជា ៣-បញ្ចៀសនាវាកម្ពុជាឱ្យគេចផុតពីមហាសោកដកម្មនៃជំងឺរាតត្បាតកូវីដ-១៩ ដែលស្មើនឹងសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺកាចសាហាវនេះ ហើយដែលកត្តាទាំងនេះពិតជាបានផ្តល់ឱកាសឱ្យកុមារាកុមារីទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងការទទួលបានការអប់រំសិក្សា និងមានអនាគតភ្លឺស្វាង ស្ថិតក្រោមដំបូលនៃសន្តិភាពយូរអង្វែង។

ក្នុងស្មារតីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វ.ស.ស. ដែលជាអង្គភាពសម្របសម្រួលការងារសង្គមស៊ីវិលនៅកម្ពុជា តែងបានកៀរគរនូវជំនួយសប្បុរសធម៌នានា តាមរយៈដៃគូសង្គមស៊ីវិលទាំងជាតិនិងទាំងអន្តរជាតិ ក្នុងការចូលរួមលើកកម្ពស់ជីវភាព និងបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ដែលជាពិសេសផ្តល់នូវការលើកទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងជួបការលំបាកនៅក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។