(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ បាននាំយកម៉ាស់ចំនួនជាង២២ម៉ឺនម៉ាស់ ទៅចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងឱកាសដែល លោកបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រមាណជាង៧០០នាក់។

លោកបណ្ឌិត ពេជ សោភ័ន បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា របស់គណបក្សរបស់យើងគ្រប់ពេលវេលា។ ទន្ទឹមនេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូន កូនក្មួយទាំងអស់ នៅក្នុងមូលដ្ឋានឃុំពោធិ៍រំចាក បានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនរបស់យើងដរាបរៀងមក ព្រមទំាងថ្លែងអំណរគុណដល់ លោក ហេង សួរ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃកប្បាស និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពោធិ៍រំចាក និងសហការី ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលដ្ឋានឃុំពោធិ៍រំចាកឲ្យមានការអភិវឌ្ឍចេញជាផ្លែផ្កាបែបនេះ។

លោកបណ្ឌិត ពេជ សោភ័ន បានក្រើនរំលឹកទៅដល់ក្រុមប្រឹក្សាឃុំពោធិ៍រំចាក បន្តខិតខំអនុវត្តឱ្យបានជោគជ័យតាមគោលនយោបាយអភិវឌ្ឍន៍ឃុំពោធិ៍រំចាក ឆ្នាំ២០២២-២០២៧ ដោយក្នុងនោះត្រូវបន្តចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយសំណូមពរ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ខិតខំកែលម្អនូវសេវាសាធារណៈរបស់ឃុំ ប៉ុស្តិ៍នគរបាល ដោយបំរើសន្តិសុខ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ រួមទាំងបញ្ហាគ្រោះថ្នាក់ចរាចរជាដើម។ បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងបន្ថែមទៀត ជូនដល់ក្មួយៗទទួលបាននូវចំណេះ ជំនាញ ដើម្បីយកមកចូលរួមអភិវឌ្ឍន៍ស្រុកភូមិរបស់ខ្លួនឲ្យចេះតែមានការរីកចម្រើនសម្បូរសប្បាយ។

ព្រមជាមួយគ្នានេះ លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានជំរុញដល់ក្រុមការងារចុះមូលដ្ឋាន និងបេក្ខជនក្រុមប្រឹក្សាឃុំ គ្រប់សាខាបក្សភូមិ ត្រូវបន្តខិតខំអនុវត្តយ៉ាងសកម្មតាមផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយខិតខំបន្តពង្រឹងការកសាងស្មារតីសតិអារម្មណ៍របស់សមាជិកបក្ស ដើម្បីបន្តរក្សាចាស់ បង្កើនថ្មី ហើយគ្រប់សមាជិកបក្សទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារបស់យើងឲ្យទទួលបានជោគជ័យ ដើម្បីបន្តការកសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឲ្យមានការរីកចម្រើនជាលំដាប់ ទុកបម្រើផលប្រយោជន៍សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

លោកបណ្ឌិត ពេជ សោភ័ន គូសបញ្ជាក់ថា ដោយសារយុទ្ធសាស្ត្រចាក់វ៉ាក់សំាងតាមអភិក្រមផ្ការីក និងវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល បានធ្វើឱ្យការគ្រប់គ្រងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ អាចជួយសង្គ្រោះអាយុជីវិតប្រជាជន ហើយបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច សង្គម ប្រជាជនរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងមានឱកាសបានប្រកបមុខរបរចិញ្ចឹមជីវិតមានជីវភាពធូរធារជាលំដាប់។

លោកបណ្ឌិត ក៏បានលើកឡើងពីសោកនាដកម្ម សង្រ្គាមរវាង រុស្សី-អ៊ុយក្រែន បានបង្កឲ្យខ្ទេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធ បែកបាក់ព្រាត់ប្រាសក្រុមគ្រួសារ និងបាត់បង់នូវអាយុជីវិតមនុស្ស។ ដូច្នេះ រដា្ឋភិបាលកម្ពុជា តែងខិតខំការពារ និងថែរក្សាសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ ឲ្យបាននៅគង់វង្សស្ថិតស្ថេរ ដើម្បីបន្តកសាងសង្គមជាតិឲ្យមានការអភិវឌ្ឍន៍រីកចម្រើនដូចបណ្តាប្រទេសជឿនលឿនដទៃទៀតដែរ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានឧបត្ថម្ភដល់អ្នកចូលរួម ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០០០រៀល ត្រីខកំប៉ុងចំនួន ១យួរ និងម៉ាស់ក្រណាត់ចំនួន ២កញ្ចប់ (៦ម៉ាស់) ថែមទាំងឧបត្ថម្ភជាម៉ាស់ក្រណាត់ចំនួន ១៥,០០០ម៉ាស់ ក្នុង១ឃុំ សម្រាប់ឃុំទាំង១៣ ក្នុងស្រុកព្រៃកប្បាស និងគណបក្សស្រុកចំនួន ១៥,០០០ម៉ាស់ផងដែរ៕