(បាត់ដំបង)៖ លោក ឡេង ប៉េងឡុង ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សៀង ស៊ុតថង តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ព្រមទាំងសមាជិក សមាជិកា ក្រុមការងារចុះជួយសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះបានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនិវត្តន៍ជន ដែលជាអតីតយុទ្ធជន មន្ត្រីរាជការស៊ីវិល ចំនួន៣៣០នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រៃណីជាតិ ស្ថិតនៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក ឡេង ប៉េងឡុង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចសេនាវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបានគិតគូពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មូលដ្ឋានទូទាំងប្រទេស។

លោកប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមថា ការជួបសំណេះសំណាលនៅថ្ងៃនេះ គឺជាការដឹងគុណចំពោះពុក ម៉ែ បងប្អូន ដែលបានលះបង់កម្លាំងកាយចិត្ត អាយុជីវិតចូលរួមបម្រើជាតិមាតុភូមិនាពេលកន្លងមក ឱ្យទទួលបានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដែលនេះជាគំរូវីរៈភាពដ៏អស្ចារ្យសម្រាប់យុវជនជំនាន់ក្រោយជំរុញឱ្យពួកគាត់យល់ច្បាស់ពីសច្ចភាពប្រវត្តិសាស្ត្រចូលរួមសកម្មភាពកិច្ចការនានាបម្រើដល់សង្គមជាតិ ការពារសន្តិភាព និងគាំទ្រសម្តេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់។

លោកបានមានប្រសាសន៍ថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩នេះ លោកគ្រូ អ្នកគ្រូ មានភារកិច្ចកាន់តែច្រើនជាងមុន ព្រោះថាក្រៅពីការបង្ហាត់បង្រៀនលោកគ្រូ អ្នកគ្រូថែមទាំងត្រូវចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងសាលារៀនបន្ថែមទៀត។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះលោកគ្រូ អ្នកគ្រូទូទាំងប្រទេស ដែលបានតស៊ូលះបង់ ពុះពាររាល់ឧបសគ្គបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការបង្ហាត់បង្រៀនផ្ទេរចំណេះដឹង និងអប់រំទូន្មានតម្រង់ទិសសិស្សានុសិស្សឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។

ក្នុងឱកាសនោះ លោក ទ្បេង ប៉េងទ្បុង និងក្រុមការងារ ផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់លោកគ្រូ អ្នកគ្រូ និងនិវត្តន៍ជនដែលបានចូលរួម ក្នុងសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ជាការគោរព និងលើកទឹកចិត្តផងដែរ៕