(ភ្នំពេញ)៖ ថ្លែងទៅកាន់ធុរកិច្ចជន ក្នុងពិធីអបអរសាទរខួបលើកទី១០ នៃសភាពពាណិជ្ជកម្មឥណ្ឌា នៅប្រទេសកម្ពុជា ទេសរដ្ឋមន្ដ្រី លី ធុជ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំប្រទេសកម្ពុជាយ៉ាងរឹងមាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងបង្កើតនូវបរិយាកាសល្អសម្រាប់ធុរកិច្ចជន។

ក្នុងពិធីនៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរជូនចំពោះលោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា និងក្រុមប្រឹក្សាភិបាល ដែលបានចូលរួមក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានជោគជ័យ។

លោកទេសរដ្ឋមន្រ្តី ក៏បានសម្ដែងនូវការអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងឥណ្ឌា ដែលលោកប្រាកដថា ទំនាក់ទំនងនេះនឹងនាំមកនូវការធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ក្នុងការចូលរួមយ៉ាងសកម្មសម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្ម។

លោកទេសរដ្ឋមន្រ្តី បានថ្លែងប្រាប់អង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានការដឹកនាំរឹងមាំប្រកបដោយទស្សនវិស័យវែងឆ្ងាយនាំមកនូវសន្តិភាព និងស្ថិរភាព ព្រមទាំងបានបង្កើតនូវគោលនយោបាយផ្តល់ឱកាស និងបរិយាកាសយ៉ាងច្រើនគាំទ្រ ដល់ការវិនិយោគសម្រាប់ធុរកិច្ចជន និងការទាក់ទងការវិនិយោគជិតឆ្ងាយមកកម្ពុជា។

ជាមួួយនឹងការដឹកនាំដ៏ប៉ិនប្រសប់នេះ ប្រទេសកម្ពុជាមានផលិតផលក្នុងស្រុកកេីនឡេីង រយៈពេលជាងពីរទសវត្សរ៍ ដែលផលិតផលមូលដ្ឋាន គឺកសិកម្មមានការវិនិយោគប្រកបដោយភាពស្និទ្ធស្នាលកម្លាំងពលកម្មច្រេីន លើវិស័យសហគ្រាសធុនតូច និងមធ្យម និងការចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ជាដើម។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធុរកិច្ចជនទាំងអស់ ដែលបានជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅវិនិយោគ និងធ្វេីជាផ្ទះទីពីររបស់ខ្លួន៕