(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្រាវជ្រាវចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចរថយន្ដមួយគ្រឿង បានសម្រេចប៉ុន្មាននាទីនៅ ចំណុចភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាយប់ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះថា នៅវេលាម៉ោង១១៖៥០នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទ Hotline របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា ខ្លួនបានបាត់រថយន្តមួយគ្រឿងម៉ាក PRIUS ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AE-2218 ដែលបានចតទុកនៅមុខផ្ទះ នៅចំណុចភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកព្រៃនប់ រហូតដល់វេលាម៉ោង០១៖០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចឃាត់រថយន្តខាងលើបាន នៅចំណុចភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

បន្ទាប់ពីធ្វើការស្រាវជ្រាវ និងសួរនាំបានឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ ចំនួន៣ដង រួចមកហើយ ដោយលើកចុងក្រោយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០១៖១០នាទី រំលងអធ្រាត្រ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខតាកែវ 1Q-6539 នៅចំណុចក្រោយសាលា ហ៊ុន សែន ឃ្លាំងលើ ស្ថិតក្នុង ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

បន្ទាប់មកនៅវេលាម៉ោង១១៖៣០នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យបានជិះម៉ូតូដែលលួចបានខាងលើ ទៅចំណុចម្តុំផ្លូវសេតេ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ រួចធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ម៉ាក PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AE-2218 ដែលចតទុកនៅមុខហាងលក់ឥវ៉ាន់មួយកន្លែង រួចជិះរថយន្តនោះរត់គេចខ្លួន ដោយបន្សល់ទុកម៉ុតូនៅកន្លែងកើតហេតុ លុះជិះរថយន្តដល់ចំណុចភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក៏ត្រូវសមត្ថកិច្ចឃាត់រថយន្តបានតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឆេង គីមឡេង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ ដោយឡែក ជនសង្ស័យឈ្មោះ ស្រ៊ុន សុភី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ សម្ភារវត្ថុតាងចាប់យកបាន រថយន្តមួយគ្រឿង ម៉ាក PRIUS ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2AE-2218 និងម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខតាកែវ 1Q-6539។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕