(ភ្នំពេញ)៖ សង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន បានកើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេលជិត៥០ថ្ងៃហើយ នៅតែមិនទាន់បញ្ចប់នៅឡើយ។ ពាក់ព័ន្ធនឹងស្ថានភាពនេះលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំនៅកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំណួរ-ចម្លើយ (៤សំណួរ) ទាំងស្រុង។

កិច្ចសម្ភាសន៍ពិសេសរវាងលោក លឹម ជាវុត្ថា ជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំនៅកម្ពុជា៖

សំណួរទី១៖ កងទ័ពរុស្ស៉ីបានបើកប្រតិបត្តិការវាយចូលទឹកដីអ៊ុយក្រែន ដែលរហូតមកដល់ពេលនេះមានរយៈពេលជិត៥០ថ្ងៃហើយ នៅតែបន្តមិនទាន់បញ្ចប់។ តើឯកឧត្តមអាចបញ្ជាក់បានទេថា តើមូលហេតុអ្វីឲ្យពិតប្រាកដដែលធ្វើឲ្យរុស្ស៉ីលើកទ័ពវាយប្រហារចូលទឹកដីអ៊ុយក្រែន?

ចម្លើយ៖ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ យើងបានព្យាយាមដោយអត់ធ្មត់ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនៃអង្គការអូតង់ លើគោលការណ៍នៃសន្តិសុខស្មើគ្នា និងមិនអាចបំបែកបាននៅអឺរ៉ុប។ ជាការឆ្លើយតបទៅនឹងសំណើរបស់យើង យើងប្រឈមមុខនឹងការបោកបញ្ឆោត និងការភូតកុហក ឬការប៉ុនប៉ងដាក់សម្ពាធ និងការគំរាមកំហែង ខណៈដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងបានបន្តពង្រីកឥទ្ធិពលរបស់ខ្លួន បើទោះបីជាមានការតវ៉ា និងការព្រួយបារម្ភរបស់យើងក៏ដោយ។ សម្ព័ន្ធភាពយោធានេះឆ្ពោះទៅកាន់ព្រំដែនរបស់ប្រទេសយើង។

សព្វថ្ងៃនេះ យើងអាចមើលឃើញពីរបៀបដែលបណ្តាប្រទេសលោកខាងលិច បានរក្សាការសន្យារបស់ខ្លួន ក្នុងការរារាំងអង្គការអូតង់ កុំឲ្យពង្រីកនៅទិសខាងកើត។ យើងមានរលកចំនួនប្រាំនៃការពង្រីកប្លុកយោធានេះ ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៩មក។ សកម្មភាពនេះបានបណ្តាលឱ្យ
ហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការអូតង់ មកដល់ព្រំដែនរបស់ប្រទេសរុស្ស៊ី។ នេះបានក្លាយជាមូលហេតុសំខាន់មួយនៃវិបត្តិសន្តិសុខអឺរ៉ុប ហើយបានជះឥទ្ធិពលអវិជ្ជមានបំផុតដល់ប្រព័ន្ធទំនាក់ទំនងអន្តរជាតិទាំងមូល និងនាំឱ្យយើងបានបាត់បង់ទំនុកចិត្តទៅវិញទៅមកជាមួយបណ្តាប្រទេសបស្ចិមលោក។

ការពង្រីកបន្ថែមទៀតនៃហេដ្ឋារចនាសម្ព័ន្ធរបស់សម្ព័ន្ធអាត្លង់ទិកខាងជើង ឬកិច្ចខិតខំប្រឹងប្រែងទទួលបានទីតាំងយោធានៃទឹកដីអ៊ុយក្រែនយើងមិនអាចទទួលយកបានទេ។ មានបញ្ហាមួយគឺជានៅក្នុងទឹកដីដែលនៅជាប់ព្រំដែននឹងប្រទេសរុស្ស៊ី អរិភាពប្រឆាំងរុស្ស៊ី បាននិងកំពុងលេចឡើង។ ដោយគ្រប់គ្រងទាំងស្រុងពីខាងក្រៅ គេធ្វើអ្វីគ្រប់យ៉ាង ដើម្បីទាក់ទាញកងកម្លាំងប្រដាប់អាវុធរបស់អង្គការអូតង់ និងទទួលបានអាវុធទំនើបៗ។

សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នេះជាគោលនយោបាយទប់ឃាត់រុស្ស៊ី ដោយមានភាគលាភភូមិសាស្ត្រនយោបាយជាក់ស្តែង។ សម្រាប់ប្រទេសយើង នេះជាបញ្ហាស្លាប់រស់ ជាចំណុចសំខាន់នៃអនាគតកាលប្រវត្តិសាស្ត្ររបស់យើងក្នុងនាមជាប្រជាជាតិ។ នេះមិនត្រឹមតែជាការគំរាមកំហែងយ៉ាងពិតប្រាកដ ចំពោះផលប្រយោជន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែដល់ជីវិតនិងអធិបតេយ្យភាពនៃរដ្ឋ។

ស្ថានភាពនៅជុំវិញអ៊ុយក្រែន ដែលមានលក្ខណៈកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីឆ្នាំ២០១៤មក បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងគៀវ។ អ្នកជ្រុលនិយម និងពួកនិយមណាស៊ីថ្មីបានដណ្តើមយកអំណាចនៅទីនោះ។ ពួកគេបានបង្កភាពភ័យខ្លាចក្នុងប្រទេស។ តំបន់ភាគខាងកើតនៃអ៊ុយក្រែនដែលប្រឆាំងនឹងរដ្ឋប្រហារនោះ ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម ប៉ុន្តែពួកគេមិនបានវាយប្រហារនរណាម្នាក់ឡើយ។ របប គៀវ បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងប្រជាជនរបស់ខ្លួនដែលរស់នៅDonbass។ ពួកគេបានទម្លាក់គ្រាប់បែកលើទីក្រុង ដោយប្រើកាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែត។ កងទ័ពអ៊ុយក្រែនបានបំផ្លាញទីតាំងជនស៊ីវិល សាលារៀន និងមន្ទីរពេទ្យ។ មានជនស៊ីវិលជិត១៤ពាន់នាក់ត្រូវបានសម្លាប់ រួមទាំងកុមារក្នុងអំឡុងពេលនេះ។

ចាប់តាំងពីឆ្នាំ២០១៤ អ្នកដែលបានឡើងកាន់អំណាចបន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងគៀវ បានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងអ្នកដែលមិនយល់ស្របនឹងពួកគេ និងប្រឆាំងនឹងអ្វីៗទាំងអស់របស់រុស្ស៊ី។ បាតុករដែលស្នេហាសន្តិភាព ត្រូវបានដុតទាំងរស់នៅទីក្រុង Odessa នៅឆ្នាំ២០១៤។ កន្លែងការកប់សពជាច្រើន ដែលត្រូវបានរកឃើញនៅ Donbass ធ្វើជាភស្តុតាងដែលមិនអាចប្រកែកបាន នៃផលវិបាកឧក្រិដ្ឋកម្មនៃការបាញ់ផ្លោងដ៏ធំធេង នៃហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយអាជ្ញាធរអ៊ុយក្រែន។ សមានកម្មដោយបង្ខំត្រូវបានធ្វើឡើង។ ភាសា រុស្ស៊ី ត្រូវបានគេហាមឃាត់កុំអោយរៀននៅសាលារៀន និងសាកលវិទ្យាល័យ កុំអោយប្រើប្រាស់ក្នុងវិស័យសាធារណៈ និងជីវិតប្រចាំថ្ងៃ។ច្បាប់ស្តីពីជនជាតិដើមភាគតិច បានក្លាយទៅជាចំណុចសំខាន់មួយ នៃការញុះញង់ជាតិនិយម។ ការកុហកអំពីសង្គ្រាមលោកលើកទី២ បានបណ្តាលឱ្យមេទ័ពក្នុងស្រុករបស់ហ៊ីត្លែរ ត្រូវបានប្រកាសចាត់ទុកជាវីរបុរស។

លើសពីនេះ អាជ្ញាធរអ៊ុយក្រែន បានធ្វើការទាមទារដោយបើកចំហនូវទឹកដីប្រឆាំង នឹងប្រទេសរបស់យើង។ ពួកគេបានគំរាមកំហែងប្រើកម្លាំង។ ដូចយើងដឹងពីឯកសារដែលត្រូវទទួលបានក្នុងអំឡុងពេលប្រតិបត្តិការយោធា ពិសេសដោយកងទ័ពរបស់យើង ពួកគេរៀបចំដោយចេតនានូវសេណារីយ៉ូនៃកម្លាំង ការសម្លាប់រង្គាល និងការសម្អាតជនជាតិភាគតិចនៅDonbass។ ដោយទទួលអាវុធពីប្រទេសលោកខាងលិច ការវាយលុកដ៏ធំធេងនៅ Donbass និងក្រោយមកនៅ Crimea គឺគ្រាន់តែជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះ។

ចាប់តាំងពីឆ្នាំ២០១៥ អ្នកកាន់អំណាចនៅទីក្រុងគៀវមិនគោរព កិច្ចព្រមព្រៀងទីក្រុង Minsk ស្តីពីការដោះស្រាយវិបត្តិដោយសន្តិវិធីដែលត្រូវបានយល់ព្រម ដោយអង្គការសហប្រជាជាតិសម្រាប់ ហើយចុងក្រោយកាលពីចុងឆ្នាំទៅ បានបដិសេធជាចំហដើម្បីអនុវត្តឯកសារនេះ។ ពួកគេក៏បានចាប់ផ្តើមអនុវត្តផែនការ ក្លាយទៅជាសមាជិកអង្គការអូតង់ដែរ។

លើសពីនេះ អាជ្ញាធរអ៊ុយក្រែនក៏បានប្រកាសពីចេតនារបស់ខ្លួន មានអាវុធនុយក្លេអ៊ែរ និងយានយន្តដឹកជញ្ជូនផងដែរ។ នេះគឺជាការគំរាមកំហែងពិតប្រាកដ។ ដោយមានការគាំទ្រខាងបច្ចេកទេសពីបរទេស របបគៀវ អាចទទួលបានអាវុធប្រល័យលោកនាពេលអនាគតដ៏ខ្លីខាងមុខ ហើយជាការពិតណាស់ នឹងមានគោលដៅប្រឆាំងនឹងរុស្ស៊ី។ ការព្រមានជាច្រើនរបស់យើងថា ការវិវឌ្ឍន៍បែបនេះបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់រុស្ស៊ី ត្រូវបានច្រានចោលដោយបើកចំហរដោយអ៊ុយក្រែន និងសហរដ្ឋអាមេរិក និងអង្គការអូតង់ជាសម្ព័ន្ធមិត្តអ៊ុយក្រែន។

ដើម្បីបញ្ចប់ស្ថានភាពនេះ នៅថ្ងៃទី២១ ខែកុម្ភៈ ប្រទេសរុស្ស៊ីបានទទួលស្គាល់សាធារណៈរដ្ឋប្រជាជន Donetsk និង Lugansk ជារដ្ឋអធិបតេយ្យ និងឯករាជ្យ។ អនុលោមតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមានការអនុញ្ញាតពីក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី និងយោងទៅតាមសន្ធិសញ្ញាមិត្តភាព និងជំនួយទៅវិញទៅមកជាមួយសាធារណៈរដ្ឋទាំងពីរនេះ លោកប្រធានាធិបតី Vladimir Putin បានសម្រេចចិត្តធ្វើប្រតិបត្តិការយោធាពិសេស។

បើយោងទៅតាមពាក្យសម្តីរបស់ប្រធានាធិបតីរុស្ស៊ី គោលបំណងនៃប្រតិបត្តិការនេះគឺ ដើម្បីការពារប្រជាជនដែលប្រឈមមុខនឹងការគំរាមកំហែង និងអំពើប្រល័យពូជសាសន៍ដែលត្រូវបានប្រព្រឹត្តដោយរបបក្រុងគៀវអស់រយៈពេលប្រាំបីឆ្នាំមកនេះ ដោយបំពេញកាតព្វកិច្ចសម្ព័ន្ធមិត្តរបស់យើង ព្រមទាំងធ្វើអោយ អ៊ុយក្រែន គ្មានអាវុធដែលអាចបង្កការគំរាមកំហែងដល់រុស្ស៊ី ហើយនិងលុបបំបាត់មនោគមវិជ្ជាណាស៊ីនៅអ៊ុយក្រែន។ យើងមានបំណងផ្តនទាទោសអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មបង្ហូរឈាម ប្រឆាំងជនស៊ីវិល រួមទាំងប្រឆាំងប្រជាពលរដ្ឋរុស្ស៊ី។

យើងគ្មានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនទេ។ យើងមិនមានចេតនាដាក់បន្ទុកលើនរណាម្នាក់ឡើយដោយប្រើកម្លាំង។ យើងគ្មានបំណងរំលោភលើផលប្រយោជន៍របស់អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនទេ។ ព្រឹត្តិការណ៍ទាំងនេះទាក់ទង នឹងការការពារទឹកដីរុស្ស៊ី ពីអ្នកដែលបានចាប់យកអ៊ុយក្រែនជាចំណាប់ខ្មាំង ហើយកំពុងព្យាយាមប្រើវាប្រឆាំងនឹងប្រទេសនិងប្រជាជនរបស់យើង។

ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ទីក្រុងគៀវ ត្រូវបានគេរកឃើញថា បាននិងកំពុងលាក់បាំងនូវកម្មវិធីជីវសាស្ត្រយោធាដែលត្រូវបាន អនុវត្ត ដោយផ្តល់ហិរញ្ញប្បទានពីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ឯកសារស្តីពីការលុបបំបាត់ជាបន្ទាន់នៃមេរោគដែលអាចបង្ករោគប៉ែស្ត ជំងឺឆ្លងសត្វ គ្រុនទន្សាយ ជំងឺអាសន្នរោគ និងជំងឺដ៏សាហាវផ្សេងទៀតត្រូវបានទទួលពីបុគ្គលិកនៃមន្ទីរពិសោធន៍ជីវសាស្ត្រអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈនេះ។ ព័ត៌មាននេះអះអាងអ្វី ដែលយើងបានមានប្រសាសន៍ ម្តងហើយម្តងទៀតទាក់ទងនឹងសកម្មភាពជីវសាស្ត្រយោធា របស់សហរដ្ឋអាមេរិក នៅក្នុងបណ្តាប្រទេសអតីតសហភាពសូវៀត ក្នុងក្របខ័ណ្ឌនៃអនុសញ្ញាអាវុធជីវសាស្ត្រ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកខ្លួនឯងបានបញ្ចប់ការស្រាវជ្រាវជីវសាស្ត្រ ដែលមានគោលបំណងយោធានៅលើទឹកដីរបស់ខ្លួន ដោយសារតែហានិភ័យខ្ពស់ បង្កឡើងដល់ប្រជាជនអាមេរិក។

 

សំណួរទី២៖ រុស្ស៉ីជាមហាអំណាចមួយដែលមានកងទ័ពដ៏ខ្លាំងក្លានៅលើលោក បំពាក់ដោយសព្វាវុធទំនើបៗទាំងផ្លូវគោក និងផ្លូវទឹក ព្រមទាំងកងទ័ពជើងអាកាស ដ៏មានឥទ្ធិពល ដែលចំណុចយើងអាចនិយាយបានថា មានប្រៀបខ្លាំងណាស់លើសពីប្រទេសអ៊ុយក្រែន ប៉ុន្តែរយៈពេលជិត៥០ថ្ងៃមកហើយ កងទ័ពរុស្ស៉ី នៅតែមិនអាចវាយកាន់កាប់រដ្ឋធានី ក៏ដូចជាប្រទេសអ៊ុយក្រែនទាំងស្រុង, ស្ថិតត្រង់ចំណុចនេះខ្ញុំមានចម្ងល់ថា តើហេតុអ្វីកងទ័ពរុស្ស៉ី វាយប្រហារអ៊ុយក្រែន ដោយមិនប្រើប្រាស់អស់សមត្ថភាព ឬក៏មានបំណងអ្វីផ្សេង?

ចម្លើយ៖ លោកប្រធានាធិបតី ពូទីន បានសម្រេចចិត្តធ្វើប្រតិបត្តិការយោធាពិសេសមួយ ដើម្បីការពារប្រជាជនដែលបានរងទុក្ខពីការរំលោភបំពាន និងការប្រល័យពូជសាសន៍ របស់របបគៀវអស់រយៈពេលប្រាំបីឆ្នាំ។ នេះពិតជាច្បាស់លាស់ថា ប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែនយ៉ាងពេញទំហឹងនោះ នឹងបណ្តាលឲ្យមានជនស៊ីវិល ជាច្រើនបាត់បង់ជីវិត។ ទាហានរបស់យើងមានបទបញ្ជាក្នុងការប្រើអាវុធដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា។ សូម្បីតែបន្ទាយយោធាអ៊ុយក្រែន ក៏មិនត្រូវបានគេកំណត់ជាគោលដៅដែរ។

ជាចម្បង អឺរ៉ុប និងសហរដ្ឋអាមេរិកព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរុស្ស៊ី និងប្រភពព័ត៌មានអំពីស្ថានភាពនៅ អ៊ុយក្រែន ប្រតិបត្តិការយោធាពិសេស ដែលកំពុងបន្ត និងវិធីដែលកងទ័ព អ៊ុយក្រែន កងវរសេនាតូចណាហ្ស៊ីអ៊ុយក្រែន កំពុងទាក់ទងជាមួយជនស៊ីវិល។ មានភស្តុតាងជាច្រើនអំពីការបង្កហេតុដែលកំពុងត្រូវបានរៀបចំ រួមទាំងនៅ Mariupol Bucha និងកន្លែងផ្សេងទៀត ដែលយោធាអ៊ុយក្រែនព្យាយាមប្រើប្រាស់ជនស៊ីវិលជាខែលការពារ។ រុស្ស៊ីថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបែបនេះ។
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានធ្លាប់ប្រកាសថា យើងគោរពប្រជាជនអ៊ុយក្រែន ភាសា និងប្រពៃណីរបស់ពួកគេ។ យើងគ្មានចេតនារំលោភលើផលប្រយោជន៍របស់អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនទេ។ យើងត្រូវបានចងភ្ជាប់ជាមួយពួកគេ ដោយប្រវត្តិសាស្ត្រ និងវប្បធម៌រួម ព្រមទាំងចំណងឈាម និងញាតិសន្តាន។ សព្វថ្ងៃនេះ រុស្ស៊ីជាផ្ទះសម្រាប់មនុស្សរាប់លាននាក់ ដែលបានកើតឡើងនៅប្រទេសអ៊ុយក្រែន។

 

សំណួរទី៣៖ តើឯកឧត្តមអាចប្រាប់ពីចំណុចអ្វីខ្លះដែលរុស្ស៉ី ចង់បានពី អ៊ុយក្រែន ក្នុងពេលចរចា ដើម្បីឈានដល់ការបញ្ចប់សង្រ្គាមដកទ័ពចេញអ៊ុយក្រែន។

ចម្លើយ៖ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី មានគោលដៅច្បាស់លាស់ដូចខាងក្រោម៖ ១. ការពារមនុស្សដែលទទួលរងនូវការគំរាមកំហែង និងការប្រល័យពូជសាសន៍ក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ ២. ផ្តន្ទាទោសអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មបង្ហូរឈាម ប្រឆាំងជនស៊ីវិល រួមទាំងប្រឆាំងប្រជាពលរដ្ឋរុស្ស៊ី ៣. ធ្វើឲ្យ អ៊ុយក្រែន គ្មានអាវុធដែលអាចបង្កការគំរាមកំហែងដល់រុស្ស៊ី ៤. ការកម្ចាត់ មនោគមវិជ្ជាណាស៊ី នៅអ៊ុយក្រែន នៅក្នុងសង្គមវប្បធម៌ សារព័ត៌មាន សេដ្ឋកិច្ច តុលាការ និងនយោបាយអ៊ុយក្រែន ៥. ការធានាថា អ៊ុយក្រែននឹងមិនក្លាយទៅជាសមាជិកអង្គការអូតង់។

ភាគីរុស្ស៊ីគាំទ្រដំណើរការចរចាជាមួយអ៊ុយក្រែន។ កាលពីថ្ងៃទី២៩ ខែមីនានេះ មានកិច្ចចរចាលើកទី៤ នៅទីក្រុងអ៊ីស្តង់ប៊ុល។ លោក វ្ល៉ាឌីមៀ មេឌីនស្គី អ្នកចរចារុស្ស៊ីមួយរូប បានមានប្រសាសន៍ថា ក្រុងគៀវបានយល់ព្រមជាគោលការណ៍ដើម្បីក្លាយជាអព្យាក្រឹតជាផ្លូវការ។ នេះជាលើកដំបូងដែលភាគីអ៊ុយក្រែន បានប្រកាសមិនត្រឹមតែផ្ទាល់មាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលាយលក្ខណ៍អក្សរផងដែរ ថាប្រទេសបានត្រៀមខ្លួនរួចហើយដើម្បីបំពេញលក្ខខណ្ឌសំខាន់ៗ មួយចំនួនសម្រាប់ការកសាងទំនាក់ទំនងដ៏ល្អជាមួយរុស្ស៊ី នាពេលអនាគត។

អាជ្ញាធរក្រុងគៀវ បានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយរុស្ស៊ី ហើយបានបញ្ជូនបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនាពេលអនាគត ដូចខាងក្រោម៖ ការបដិសេធមិនក្លាយទៅជាសមាជិកអង្គការណាតូ; កាតព្វកិច្ចធ្វើសមយុទ្ធយោធា ដោយមានការយល់ព្រមពីប្រទេសធានា ដែលត្រូវមានរុស្ស៊ី។ រីឯរុស្ស៊ីយល់ព្រមដក កងទ័ពមួយចំនួនចេញពីទិសដៅទីក្រុងគៀវ។

 

សំណួរទី៤៖ នេះជាលើកទី១ហើយ ដែលខ្ញុំទើបបានឃើញអំពីការរួមគ្នាដាក់ទណ្ឌកម្មដ៏សាហាវពីសំណាក់ សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត ព្រមទាំងក្រុមហ៊ុនឯកជនរាប់រយ-ពាន់ក្រុមហ៊ុនផ្សេងទៀត ហើយខ្ញុំក៏ជឿដែរថាការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបែបនេះ ក៏ជាពិសោធន៍សម្រាប់មេដឹកនាំប្រទេសផ្សេងៗ ទុកជាមេរៀនសិក្សាផងដែរ ពាក់ព័ន្ធនឹងចំណុចនេះតើរុស្ស៉ី រងផលប៉ះពាល់ធ្ងន់ធ្ងរដែរឬទេ ចំពោះមុខទណ្ឌកម្មនេះ ឬមួយរុស្ស៉ីបានត្រៀមខ្លួនរួចហើយចំពោះសកម្មភាពបែបនេះ?

ចម្លើយ៖ ប្រទេសលោកខាងលិចមួយចំនួនបានដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងសហព័ន្ធរុស្ស៊ីដោយសារតែស្ថានភាពជុំវិញអ៊ុយក្រែន។ យើងមើលឃើញថា ការចោទប្រកាន់ ការបំភិតបំភ័យ និងការគំរាមកំហែង គឺជាឧបករណ៍តែមួយគត់ ដែលប្រទេសបស្ចិមលោកតែងតែប្រើប្រាស់។ នេះមិនអាចត្រូវបានប្រើប្រាស់ប្រឆាំងប្រទេសជាមហាអំណាចទេ ជាពិសេសរុស្ស៊ី និងតួអង្គអន្តរជាតិសំខាន់ៗផ្សេងទៀត។

គួរឲ្យយកចិត្តទុកដាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាន ឈ្លានពានជាច្រើនដងហើយ ប្រឆាំងនឹងប្រទេសយូហ្គោស្លាវី លីប៊ី ស៊ីរី អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។ ជាលទ្ធផល មានប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់បានបាត់បង់ជីវិត។ ប៉ុន្តែមិនមានការថ្កោលទោសអ្វីទេ។ គ្មានការដាក់ទណ្ឌកម្មណាមួយឡើយ គ្មានគំនិតដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិ។ តើនេះជាវិធីសាស្រ្តត្រឹមត្រូវទេ? គោលដៅ និងគោលបំណងនៃប្រតិបត្តិការយោធាពិសេសរបស់យើង ខុសគ្នាយ៉ាងឆ្ងាយពីការឈ្លានពានក្រោមលេស ដ៏ឆ្ងាយរបស់សហរដ្ឋអាមេរិក និងអង្គការអូតង់។

ការដាក់ទណ្ឌកម្មដោយហេតុផលណាមួយ ដោយគ្មានការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិជាលក្ខណៈធម្មតារបស់សហរដ្ឋអាមេរិក។ យោងទៅតាមលោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចធ្ងន់ធ្ងរណាស់ ហើយរុស្ស៊ីបានរៀបចំខ្លួនជាមុន។

យើងយល់យ៉ាងច្បាស់លាស់ថា កញ្ចប់ទណ្ឌកម្មថ្មី និងការរឹតបន្តឹងប្រឆាំងយើង ពិតជានឹងមាន ហើយប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែនគឺជាលេសមួយ សម្រាប់ប្រទេសបស្ចិមលោកក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀត។

វាមិនមែនជាលើកដំបូងទេ ពេលយើងប្រឈមមុខនឹងទណ្ឌកម្ម។ យើងមានលទ្ធភាពទាំងអស់ដើម្បីអភិវឌ្ឍន៍ដោយខ្លួនឯង។ រដ្ឋាភិបាលរុស្ស៊ីបានចាប់ផ្តើមគាំទ្រប្រជាជន និងសេដ្ឋកិច្ច ដោយកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារក្នុងទុនបំរុងប្តូរប្រាក់បរទេស ប្តូរទៅទីផ្សារមូលធនដែលមិនមែនជាលោកខាងលិច និងការពារគម្រោងវិនិយោគពីឥទ្ធិពលអវិជ្ជមានពីខាងក្រៅ។

លើសពីនេះ រុស្ស៊ីមានដៃគូដែលអាចទុកចិត្តបានជាច្រើន មិនត្រឹមតែបណ្តាប្រទេសអតីតសហភាពសូវៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសចិន នៅតំបន់អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកផងដែរ។ ទន្ទឹមនឹងនេះដែរ ទណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និង ផ្សេងទៀតប្រឆាំងរុស្ស៊ីបានជះឥទ្ធិពលអវិជ្ជមាននៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
នៅទីនោះតម្លៃប្រេងសាំង ថាមពល និងស្បៀងអាហារបានឡើងថ្លៃ ហើយកន្លែងការងារនៅក្នុងវិស័យឧស្សាហកម្មដែលទាក់ទងនឹងទីផ្សាររុស្ស៊ីត្រូវបានកាត់បន្ថយ។ ប្រជាជនលោកខាងលិចត្រូវបានគេប្រាប់យ៉ាងខ្ជាប់ខ្ជួនថា ការលំបាកបច្ចុប្បន្នទាំងនេះគឺជាលទ្ធផលនៃសកម្មភាពអរិភាពរបស់រុស្ស៊ី។ នេះជាការកុហក។ តាមពិតបញ្ហាទាំងឡាយ ដែលមនុស្សរាប់លាននាក់ប្រឈមមុខដោយនៅបណ្តាប្រទេសលោកខាងលិច គឺជាលទ្ធផលនៃសកម្មភាពជាច្រើនឆ្នាំ របស់ថ្នាក់ដឹកនាំនៃប្រទេសរៀងៗខ្លួន កំហុស គោលនយោបាយ និងមហិច្ឆតារបស់ពួកគេ។

ឥស្សរជនទាំងនេះមិនគិតពីការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅប្រទេសលោកខាងលិចទេ។ ពួកគេចេះតែគិតអំពីផលប្រយោជន៍បម្រើខ្លួនឯង និងប្រាក់ចំណេញដ៏ធំធេង។ គោលនយោបាយនៃការទប់ស្កាត់ ការចុះខ្សោយប្រទេសរុស្ស៊ី រួមទាំងតាមរយៈភាពឯកោខាងសេដ្ឋកិច្ច គឺជាយុទ្ធសាស្ត្រដ៏យូរអង្វែងដោយចេតនា។ យើងយល់ឃើញអំពីធនធានរបស់លោកខាងលិច ប៉ុន្តែវានៅតែគ្មានអំណាចប្រឆាំងនឹងការពិត និងយុត្តិធម៌។ រុស្ស៊ីនឹងធ្វើឲ្យពិភពលោកទាំងមូល យកចិត្តទុកដាក់ ដល់គោលជំហររបស់យើង។ គោលជំហររបស់យើង ស្មោះត្រង់ និងបើកចំហ ហើយមនុស្សកាន់តែច្រើនឮ យល់ និងចែករំលែកវា៕