(ភ្នំពេញ)៖ សមាជិក សមាជិកាសមាគម មនុស្ស ចាស់ ជរា ចំនួន៥០នាក់ ស្ថិតនៅសាលាខណ្ឌទួលគោក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានទទួលការយកចិត្តទុកដាក់ជួបសំណេះសំណាល និងឧបត្ថម្ភសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដើម្បីសម្រួលដល់ជីវភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ជា ពិសី អភិបាល ខណ្ឌ ជាមួយមន្ត្រីក្រោមឱវាទ។

លោក ជា ពិសី ឆ្លៀតក្នុងឱកាសនេះដែរ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពិសេស ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឫជួបគ្រោះមហន្តរាយផ្សេងៗ ក្រៅពីលោកអភិបាលខណ្ឌទួលគោករូបនេះ បានផ្ដាំផ្ញើឱ្យបង-ប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ ដោយប្រកាន់យកនូវការរក្សាអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបរបរទទួលទានចិញ្ចឹមជីវិត ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

លោក ជា ពិសី ក៏សូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះប្រធានក្រុមប្រឹក្សា គណៈអភិបាល គណៈនាយក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធាន-អនុប្រធានការិយាល័យជុំនាញ ចៅសង្កាត់ មេភូមិ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខណ្ឌទួលគោក សូមទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាម កិរិណីទេវី ជាបុត្រីទី៥ នៃស្ដេចកុបិល្លមហាព្រហ្ម ដែលនឹងចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ ហើយសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕