(ភ្នំពេញ)៖ លោក ផាម មីញជើង នាយករដ្ឋមន្ត្រីនៃសាធារណៈសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ បានទូរស័ព្ទជូនពរបវរមហាប្រសើរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្ដីពីលទ្ធផលជំនួបតាមទូរស័ព្ទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ បានឲ្យដឹងថា លោក ផាម មីញជីង ក៏បានពាំនាំនូវសារជូនពរបស់ លោក អគ្គលេខាធិការបក្ស ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងបានផ្តាំផ្ញើជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រជាជនកម្ពុជាជាបងប្អូន។

លោក មីញជើង បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមក និងបានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំដ៏ភ្លឺស្វាង របស់ សម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាកាន់តែអភិវឌ្ឍ ចំរុងចំរើនថែមទៀត និងសម្រេចបានដោយជោគជ័យក្នុងការដឹកនាំប្រទេស ការដឹកនាំប្រជុំអន្តរជាតិ សំខាន់ៗក្នុងឆ្នាំ២០២២ ក្នុងនោះរួមមានការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការទទួលដឹកនាំបានល្អក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណ លោក ផាម មីញជីង ដែលបានជំនួសមុខថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងប្រជាជន វៀតណាម ជូនពរឆ្នាំថ្មីដ៏មានអត្ថន័យ ដល់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា និងបានអបអរសាទរ នូវរាល់លទ្ធផលជាវិជ្ជមាន ដែលសាធារណៈសង្គមនិយមវៀតណាម សម្រេចបានក្នុងការគ្រប់គ្រង ជំងឺរាតត្បាតសកលកូវីដ-១៩ ការស្តារសេដ្ឋកិច្ចសង្គម និងការបើកប្រទេសឡើងវិញគ្រប់ជ្រុងជ្រោយ។

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា រដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងបន្តដណ្តើមបានសមិទ្ធផលធំៗថ្មីៗថែមទៀត តាមគន្លងនៃប្រក្រតីភាពថ្មី និងសមាហរណ ប្រទេសជាតិទៅក្នុងតំបន់ និងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មីញជីង បានសម្តែងនូវក្តី សោមនស្សរីករាយ អំពីដំណើរវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេលកន្លងមក ជាពិសេសទោះបីមានផល ប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្ដី ក៏ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២១ មាន ទំហំជាង ៩កោដ ដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៨០ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២០ និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ២០២២។ សាធារណៈសង្គមនិយម វៀតណាម បន្តឈរលំដាប់ទី១ ក្នុងចំណោប្រទេសអាស៊ាន ចំពោះការវិនិយោគដោយផ្ទាល់ ក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មីញជីង បានសង្កត់ធ្ងន់អំពី សារៈសំខាន់ជាយុទ្ធសាស្ត្រ ការថែរក្សា និងការពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តជិតខាង ល្អជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ កម្ពុជា-វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍ របស់ប្រទេសនីមួយៗ ក្នុងសភាពការណ៍បច្ចុប្បន្ន ពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ឆ្នាំ នៃការតភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជាខួបអនុស្សារីយ៍លើកទី៤៥ឆ្នាំ នៃដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់ សម្តេចតេជោ ហ៊ុន សែន និងរហូតដល់ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដើម្បីផ្តួលរំលំរបបប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

សម្តេចតេជោ និងលោក ផាម មីញជីង បានឯកភាពគ្នានូវភាពចាំបាច់ត្រូវបន្តពង្រឹងនូវជំនឿទុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវជំងឺរាតត្បាតសកលកូវីដ-១៩ តាមគន្លងនៃប្រក្រតីភាពថ្មី ដើម្បីជំរុញការស្តារសេដ្ឋកិច្ច សង្គម បន្តសហការកសាងខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរ។

ជាថ្មីម្តងទៀត លោក ផាម មីញជីង បានអះអាងថា វៀតណាមគាំទ្រកម្ពុជាយ៉ាងពេញលេញ ចំពោះការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្រកបដោយជោគជ័យក្នុងឆ្នាំ២០២២៕