(ភ្នំពេញ)៖ ខណៈពិភពលោកលេចឡើងនូវកាន់តែព្រួយបារម្ភ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានឯកភាពគ្នាលើភាពចាំបាច់ដែលត្រូវបន្តពង្រឹងនូវជំនឿទុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវជំងឺរាតត្បាតសកលកូវីដ-១៩ តាមគន្លងនៃប្រក្រតីភាពថ្មី ដើម្បីជំរុញការស្តារសេដ្ឋកិច្ច សង្គម បន្តសហការកសាងខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មីញជីង បានសម្តែងនូវក្តី សោមនស្សរីករាយ អំពីដំណើរវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេលកន្លងមក ជាពិសេសទោះបីមានផល ប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្ដី ក៏ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២១ មានទំហំជាង ៩កោដ ដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៨០ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២០ និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ២០២២។ សាធារណៈសង្គមនិយម វៀតណាម បន្តឈរលំដាប់ទី១ ក្នុងចំណោប្រទេសអាស៊ាន ចំពោះការវិនិយោគដោយផ្ទាល់ ក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មីញជីង បានសង្កត់ធ្ងន់អំពី សារៈសំខាន់ជាយុទ្ធសាស្ត្រ ការថែរក្សា និងការពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តជិតខាង ល្អជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍ របស់ប្រទេសនីមួយៗ ក្នុងសភាពការណ៍បច្ចុប្បន្ន ពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ឆ្នាំ នៃការតភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជាខួបអនុស្សារីយ៍លើកទី៤៥ឆ្នាំ នៃដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់ សម្តេចតេជោ ហ៊ុន សែន និងរហូតដល់ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដើម្បីផ្តួលរំលំរបបប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

សម្តេចតេជោ និងលោក ផាម មីញជីង បានឯកភាពគ្នានូវភាពចាំបាច់ត្រូវបន្តពង្រឹងនូវជំនឿទុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវជំងឺរាតត្បាតសកលកូវីដ-១៩ តាមគន្លងនៃប្រក្រតីភាពថ្មី ដើម្បីជំរុញការស្តារសេដ្ឋកិច្ច សង្គម បន្តសហការកសាងខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរ។

ជាថ្មីម្តងទៀត លោក ផាម មីញជីង បានអះអាងថា វៀតណាមគាំទ្រកម្ពុជាយ៉ាងពេញលេញ ចំពោះការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្រកបដោយជោគជ័យក្នុងឆ្នាំ២០២២៕