(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហោះសារ និងរូបភាពមួយចំនួន រំលឹកដល់ខួប១ឆ្នាំ ដែលរូបលោក និងភរិយា រួមជាមួយក្រុមការងារ បានបំពេញការងារទាំងយប់ទាំងថ្ងៃ ក្នុងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រឲ្យបានលឿន តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។

លោកបណ្ឌិតបានលើកឡើងថា នៅថ្ងៃនេះកាលពីមួយឆ្នាំមុន នៅរាជធានីភ្នំពេញ មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ កើនឡើងខ្លាំង ដែលតម្រូវឲ្យរៀបចំកន្លែងព្យាបាលបន្ថែម ជាបន្ទាន់សម្រាប់ព្យាបាលប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩ ហើយពេលនេះ ប្រជាពលរដ្ឋការនាំគ្រួសារ ទៅដើរកំសាន្តពេលចូលឆ្នាំថ្មី មិនមែនជាអាទិភាពនោះទេ ប៉ុន្តែអ្វីជាអាទិភាពនាពេលនោះ គឺការថែរក្សាសុខភាព និងអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ ពោល គឺធ្វើយ៉ាងណាកុំឲ្យឆ្លងជំងឺកូវីដ១៩។

សម្រាប់ឆ្នាំ២០២២នេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរវិញ ប្រជាពលរដ្ឋទូទាំងប្រទេស អាចប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារដោយសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ភ័យខ្លាចដូចឆ្នាំមុនទៀតទេ ដោយសារក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ យើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា «មួយឆ្នាំគត់ (១៣ មេសា ២០២១ - ១៣ មេសា ២០២២)។ កាលពីមួយឆ្នាំមុនថ្ងៃនេះ (១៣ មេសា ២០២១) គឺជាថ្ងៃដែលរូបខ្ញុំ និងភរិយា ព្រមទាំងក្រុមការងារកំពុងមមារញឹកទាំងយប់ទាំងថ្ងៃ ក្នុងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អោយបានលឿន (បន្ទាប់ពីបានបញ្ចប់ ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅសណ្ឋាគារ the Great Duke និងមន្ទីរពទ្យហ្លួងម៉ែ ដែលពេលនោះមានឈ្មោះថា នគរទេព្យ) ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ នាពេលនោះ មានការកើនឡើងខ្លាំង ដែលតម្រូវអោយរៀបចំកន្លែងព្យាបាលបន្ថែម ជាបន្ទាន់សម្រាប់ព្យាបាលប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩។ ខ្ញុំជឿជាក់ថា បងប្អូនដែលរស់នៅភ្នំពេញប្រាកដជាចងចាំច្បាស់ នូវអារម្មណ៍របស់យើងនៅពេលនោះ ដែលពោរពេញទៅដោយការព្រួយបារម្ភ ភ័យខ្លាច និងមិនច្បាស់លាស់ថា ទៅមុខនឹងទៅជាយ៉ាងណា បើមួយថ្ងៃៗមានអ្នកឆ្លងកូវីដ១៩ ច្រើនបែបនេះ? ហើយការគិតគូរ អំពីការនាំគ្រួសារ ទៅដើរកំសាន្តពេលចូលឆ្នាំថ្មី កាលពីឆ្នាំមុននោះ ប្រាកដជាមិនមែនជាអាទិភាព សម្រាប់បងប្អូនទេ។ អាទិភាពរបស់បងប្អូន នាពេលនោះ គឺការថែរក្សាសុខភាព និងអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ ពោលគឺធ្វើយ៉ាងណាកុំអោយឆ្លងជំងឺកូវីដ១៩។ បើយើងចាំពីស្ថានភាព កាលពីមួយឆ្នាំមុនដូចខ្ញុំបានរៀបរាប់ ដោយសង្ខេបពីខាងលើ យើងប្រាកដជាមានមោទនភាពណាស់ ដែលក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ យើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ ដែលអាចអោយយើងបើកដំណើរការ ប្រទេសរបស់យើងឡើងវិញបាន ហើយពេលចូលឆ្នាំនាឆ្នាំនេះ ប្រជាពលរដ្ឋទូទាំងប្រទេស អាចប្រារពពិធីចូលឆ្នាំថ្មីប្រពៃណីជាតិយើង ជាមួយមិត្តភក្តិ និងក្រុមគ្រួសារដោយសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ភ័យខ្លាចដូចឆ្នាំមុនទៀតទេ។ ប៉ុន្តែទោះជាយ៉ាងណា សូមបងប្អូនបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានសុខាភិបាលដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងអ្នកជុំវិញខ្លួន»