(ភ្នំពេញ)៖ តាមរយៈអនុស្សរណៈនៃការយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជាមួយធនាគារព្រីនស៍ ម.ក លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានបង្ហាញសុទិដ្ឋិនិយមថា ការចុះអនុស្សារណៈនាពេលនេះ គឺជាការរួមគ្នាការងារមនុស្សធម៌ ដើម្បីផ្ដល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខជូនប្រជាពលរដ្ឋ។

អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងលោក ហ៊ន់ សុរចនា អភិបាលលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិធនាគារព្រីនស៍ ព្រមទាំងមានការការចូលរួមរបស់លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ នៅសណ្ឋាគារភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

ការចុះអនុស្សរណៈនេះដែរគឺក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់កម្មវិធី និងសកម្មភាពនានាក្នុងវិស័យថែទាំសុខភាព សុខភាពសាធារណៈ សម្រាប់ផ្ដល់ការពិនិត្យព្យាបាលជូនប្រជាជនដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

លោក ហ៊ន់ សុរចនា បានលើកឡើងថា ចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនូវមូលដ្ឋានសម្រាប់ការបង្កើត និងរក្សាទំនាក់ទំនងរវាងធនាគារ ព្រីនស៍ និង TYDA ដោយធនាគារ ព្រីនស៍ នឹងចូលរួមឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុដល់ TYDA រយៈពេល៣ឆ្នាំ ក្នុងចំនួនទឹកប្រាក់៣០០,០០០ដុល្លារអាមេរិក ក្នុងការដឹកនាំគម្រោងវេជ្ជសាស្រ្ត រួមមានកម្មវិធី និងសកម្មភាពនានាក្នុងវិស័យថែទាំសុខភាព សុខភាពសាធារណៈ និងផ្នែកដែលជាប់ពាក់ព័ន្ធសម្រាប់ការពិនិត្យ និងព្យាបាលជូនប្រជាជនដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលខ្វះខាតហិរញ្ញវត្ថុ នៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស។

លោក ហ៊ន់ សុរចនា បានបន្ដថា ជាក់ស្តែង ធនាគារ ព្រីនស៍ បានចូលរួមឧបត្ថម្ភដល់ TYDA ចាប់តាំងពីឆ្នាំ២០១៩ មកម៉្លេះ ដោយដឹងច្បាស់ថា វិស័យសុខាភិបាលជាវិស័យដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់សុខភាព និងវេជ្ជសាស្រ្តក្នុងការព្យាបាលជំងឺដោយមានប្រសិទ្ធភាពសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទដែលខ្វះខាតធនធានជាពិសេសតាមរយៈកម្មវិធី និងសកម្មភាពរបស់ TYDA ក៏បានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល និងផ្តល់ឱកាសដល់សិស្ស និស្សិត និងយុវជនស្ម័គ្រចិត្តក្នុងការចូលរួមបម្រើការងារមនុស្សធម៌ដល់សង្គមជាតិ ដែលនេះក៏ជាផ្នែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែប្រសើរផងដែរ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងដែរថា «ការចុះអនុស្សារណៈនាពេលនេះ គឺជាបុព្វហេតុដែលគ្រប់គ្នារួមគ្នាធ្វើការងារមនុស្សធម៌ ដើម្បីផ្ដល់ក្តីសង្ឃឹមស្នាមញញឹម និងក្តីសុខជូនប្រជាពលរដ្ឋ»

លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបញ្ជាក់ថា គ្មានអ្វីធំជាងជីវិត សុខភាព ក្តីសុខគ្រួសារ ដែលគ្រប់គ្នាត្រូវចូលរួមជួយដល់ប្រជាពលរដ្ឋ និងទាមទារចូលរួមផ្ដល់លទ្ធភាពពេលវិស័យឯកជន និងផ្នែកដែលពាក់ព័ន្ធ។

លោក ហ៊ុន ម៉ាណែត បានបន្តថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ បានល្អប្រសើរ និងមានលក្ខណៈធូរស្រាលដែលទាំងអស់នេះក៏បានមកពីការចូលរួមចំណែកពីវិស័យឯកជន។

លោកបង្ហាញក្ដីសង្ឃឹមថា ធនាគារព្រីននឹងបន្តជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីផ្ដល់ឱកាស លទ្ធភាព និងការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារដើម្បីជួយប្រជាពលរដ្ឋខ្មែរដែលលំបាកពិតប្រាកដ។

សូមបញ្ជាក់ថា គិតដល់ថ្ងៃនេះ សមាគម TYDA បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន៣៣៦,៣៥៣នាក់ អ្នកជំងឺធ្ងន់ចំនួន៦,១៥៣នាក់ត្រូវបញ្ជួនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានានៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៦នាក់ត្រូវបានព្យាបាលគិតថ្លៃ៕