(ភ្នំពេញ)៖ លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោក ជា ពិសី អភិបាលខណ្ឌ បានរៀបចំពិធីឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ស្មើៗគ្នា ដល់មន្ត្រីក្រោមឱវាទ ហើយនឹងអាហារសាមគ្គី ជាមួយការសូត្រមន្ដ ចំរើនព្រះបរិត្ត ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាម កិរិណីទេវី ជាបុត្រីទី៥ នៃស្ដេចកុបិល្លមហាព្រហ្ម ដែលនឹងចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ។

ពិធីនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅសាលាខណ្ឌ ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ ព្រមទាំងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ដ្រីរាជការក្រោមឱវាទ ថ្នាក់ខណ្ឌ-សង្កាត់ និងបុគ្គលិកជាប់កិច្ចសន្យា ជាច្រើនរូបទៀត។

ពិធីនេះមិនត្រឹមតែ បួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខ សេចក្ដីចម្រើនដល់សមាជិកសមាជិកា ដែលបានចូលរួមប៉ុណ្ណោះទេ ថែមទាំងបាន ឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ជា ពិសី បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ត្រូវបន្ដកិច្ចសហការរួមគ្នាបំពេញភារកិច្ច ដើម្បីបង្កើនការប្រុងប្រយ័ត្នការការពារសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រៅពីលោកអភិបាលខណ្ឌទួលគោករូបនេះ បានក្រើនរំលឹកឱ្យចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) តាមរយៈការបន្តអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ *៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ)។

*៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) ហើយនិង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩)។

លោក ជា ពិសី ក៏សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ ប្រការចំពោះប្រធានក្រុមប្រឹក្សា គណៈអភិបាល គណៈនាយក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធាន-អនុប្រធានការិយាល័យជុំនាញ ចៅសង្កាត់-មេភូមិ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខណ្ឌទួលគោក សូមទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ហើយសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕