(បាត់ដំបង)៖ ប្រជាពលរដ្ឋជាច្រើនបានមកតវ៉ានៅមុខបរិវេណសាលាខេត្តបាត់ដំបង លើកគ្នាមកទាមទារឲ្យ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ជួយរកដំណោះស្រាយជាមួយក្រុមហ៊ុន អាន ស៊ីន អាវីសែនជ័យ ឯ.ក ចំនួនជាង១៩០គ្រួសារ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ រឿងឆរបោកលុយជាង ២លានដុល្លារអាមេរិក ដែលធ្វើឡើងជាលក្ខណៈវិនិយោគទុន ទៅលើការចិញ្ចឹម ការបង្កាត់ពូជ និងផលិតកម្មគោ ក្របី។

តាមសំដីរបស់អ្នកតំណាងម្នាក់បានរៀបរាប់ថា ក្នុងនាមដែលពួកយើងជាប្រជាពលរដ្ឋដែលសុទ្ឋតែបានចាញ់បោកក្រុមហ៊ុន អាន ស៊ីន អាវីសែនជ័យ ឯ.ក អស់ទឹកប្រាក់យ៉ាងច្រើនស្នើសុំទាមទារទឹកប្រាក់ដែលបានដាក់ទុនចំនួនសរុបជាង ២,៦៥១,៤០០ ដុល្លារ ពីឈ្មោះ ធី រ៉ាវុធ ភេទប្រុស ដែលមានអាស្រ័យដ្ឋាននៅភូមិ កំពង់ក្របី សង្កាត់ស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ជាប្រធានវិនិយោគដែលមានទីតាំងក្នុងខេត្តបាត់ដំបង។

មូលហេតុដែលធ្វើអោយពួកគាត់មានការទុកចិត្តទៅទាំងស្រុងទៅលើអាន ស៊ីន អាវីសែនជ័យ ឯ.ក ខាងលើនេះដោយសារតែយោងទៅតាមលិខិតស្នាមរបស់ ក្រសួងលិខិតអនុញ្ញត ដោយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រុមហ៊ុនបានធ្វើប្រតិបត្តិការប្រមូលដើមទុនពីរប្រជាពលរដ្ឋជាច្រើនម៉ឺនដុល្លារទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០២០មកដោយសន្យាថា «នឹងផ្តល់ប្រាក់ចំណេញជាភាគរយចំនួន៦% ឬតាមការចរចារ ក្នុងមួយខែហើយរយៈពេល១៨ខែ ក្រុមហ៊ុននឹងសងប្រាក់ដើមទាំងអស់ត្រឡប់មកឲ្យអ្នកវិនិយោគវិញ» ដោយក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយជាសារធារណៈ សិក្ខាសាលា និងចុះតាមបណ្តារខេត្តនានា អំពីគម្រោងរបស់ខ្លួនដើម្បីអោយប្រជាពលរដ្ឋ កាន់តែមានការជឿជាក់ទុកចិត្តកាន់តែខ្លាំងផងដែរ។

ដោយម្នាក់ៗបានដាក់ទុនវិនិយោគចាប់ពីរ ២.០០០ ទៅរាប់ម៉ឺនដុល្លារ និងមានអ្នកខ្លះទៀតរហូតដល់ទៅ ២០ម៉ឺនដុល្លារក៏មាន និងទទួលបានប្រាក់ចំណេញ៦%មកវិញ ក្នុងម្នាក់បានត្រឹមតែ៣ទៅ៤ខែដំបូងតែប៉ុណ្ណោះ ហើយក្រុមហ៊ុនបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ក្នុងពេលនេះដែរប្រជាពលរដ្ឋដែលបានចាញ់បោកក្រុមហ៊ុនខាងលើ បានស្នើរសុំទៅលោកអភិបាលខេត្តបាត់ដំបង មេត្តាទទួលញ្ញាតិទៅដាក់ក្នុងរដ្ឋបាលខេត្តបាត់ដំបង ដើម្បីសុំអន្តរាគមន៏ពីសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជាបន្តទៅទៀតនៅពេលដែលចប់កម្មវិធីសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ៕