(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ក្នុងនាមក្រុមប្រឹក្សា និងជាចៅសង្កាត់ទួលសង្កែទី១ ចៅសង្កាត់រង មេភូមិ មេភូមិរង សមាជិកភូមិ នាយប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍ មន្ត្រីជុំនួយការរដ្ឋបាល គណៈកម្មការផ្សារទួលសង្កែ គណៈកម្មការវត្តទាំង២ នាយក នាយិកា នាយករង លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាទាំង២ មេហាសិបខ្នង មេហាសិបខ្នងរងនៃភូមិទាំង៦ ព្រមទាំងប្រជាពលរដ្ឋទូទាំងសង្កាត់ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមប្រារពពិធីបុណ្យសាមគ្គីរីករាយ ទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ដើម្បីបួងសួងសុំពរជ័យ សេចក្ដីសុខបវរមហាប្រសើរពីទេព្ដារក្សាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជាបុត្រីទី៥ នៃស្ដេចកុបិល្លមហាព្រហ្ម ដែលនឹងចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ។

កម្មវិធីបុណ្យនេះ បានរៀបចំប្រារពធ្វើឡើង នៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៧៖៣០នាទីព្រឹក ជួបជុំពុទ្ធបរិស័ទ្ធទាំងអស់ នៅសាលាសង្កាត់ទួលសង្កែទី១ ខាលិចផ្សារទួលសង្កែ ហៅផ្សារតូច ដើម្បីរៀបចំចង្ហាន់ និងគ្រឿងបរិក្ខាផ្សេងៗប្រគេនព្រះសង្ឃ។ វេលាម៉ោង៨ និងនិមន្ដព្រះសង្ឃ (នមស្សការព្រះរតនត្រ័យ សមាជិកទានសីល និងចំរើនព្រះបរិត្ត) ដល់វេលាម៉ោង៩៖៣០នាទី វេរភត្តាហារប្រគេនព្រះសង្ឃ និងនិមន្តព្រះសង្ឃចំនួន ១០០អង្គ (បិណ្ឌបាត) និងពហូទេវាដារឆ្លង ព្រះសង្ឃចំនួន ០៧អង្គ ហើយនឹងរាប់បាតព្រះសង្ឃចំនួន៦០អង្គ។

អាស្រ័យដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ សូមនិមន្ដ យាង និងគោរពអញ្ជើញទ្រង់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយទាំងអស់ មេត្តាចូលរួមក្នុងពិធីបុណ្យនេះឱ្យបានអធិកអធមបំផុត ដើម្បីទទួលផល្លាអានិសង្ឃ ដោយកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនកុំបីអាក់ខានឡើយ ក្នុងការទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ដើម្បីបួងសួងសុំពរជ័យ សេចក្ដីសុខបវរមហាប្រសើរពីទេព្ដារក្សាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជាបុត្រីទី៥ នៃស្ដេចកុបិល្លមហាព្រហ្ម ដែលនឹងចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ៕