(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងលោកជំទាវ ព្រមទាំងសហការី បានរៀបចំពិធីសូត្រមន្ត លើករាសី ប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ គ.ស.២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ និងទស្សនាការសម្ដែងរបាំត្រុដិ សុំពរជ័យផងដែរ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ពិធីនេះក៏មានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន និងមន្ត្រីនគរបាលទាំងអស់ សូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឱ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានជូនពរឆ្នាំថ្មីជូនដល់អង្គពិធី និងបានបួងសួងសូមឲ្យបារមីវត្ថុស័ក្តសិទ្ធិក្នុងលោក ព្រមទាំងបានឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ដែលមានទេវតាព្រះនាម កិរិណីទេវី សូមតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជារស់នៅប្រកបដោយសេចក្តីសុខសប្បាយចៀសផុតពីជំងឺរាតត្បាតទាំងពួង។

សូមបញ្ជាក់ថា ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ គ.ស.២០២២ នឹងឈានចូលមកដល់នាថ្ងៃព្រហស្បតិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២២៕