(ពោធិ៍សាត់)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០២ និង០០នាទី កម្លាំងគយចល័តតំបន់៤ សហការជាមួយមន្ត្រីគយ និងរដ្ឋាករ ខេត្តពោធិ៍សាត់ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ បានធ្វើការចុះបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធ ចំនួន០២គ្រឿង នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

ការចុះបង្ក្រាបនេះ យោងតាមអនុសាសន៍របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពី លោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។

រថយន្តស៊េរីទំនើបអត់ពន្ធទាំង ០២គ្រឿងរួមមាន៖
១៖ រថយន្តម៉ាក Lexus Gs 330 ចង្កូតឆ្វេង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-9298។
២៖ រថយន្តម៉ាក Lexus Rx 400 ចង្កូតឆ្វេង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-8202។

បច្ចុប្បន្ន រថយន្តទាំង០២គ្រឿង ត្រូវបានប្រគល់ជូនកម្លាំងគយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៤ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ចាត់ការតាមនីតិវិធី៕