(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានទទួលជួបលោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និងលោកស្រី ព្រមទាំងអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងក្រុមការងារនៃសមាគមយុវជនក្រុម៨ជាច្រើនរូបទៀត។ ក្នុងពិធីសំណេះសំណាល និងប្រគល់ទទួលថវិកាសប្បុរសធម៌ចំនួន ១៨៨,៨៨០,០០០រៀល ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

លោកបណ្ឌិត ម៉ឹង មករា បានលើកឡើងថា សមាគមយុវជនក្រុម៨ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការងារជាច្រើនទៀតដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។

លោកបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានខិតខំ យកចិត្តទុកដាក់ជាអទិភាពបំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យមានភាពសាំសហគមន៍ និងបានធ្វើឱ្យស្ថានភាពល្អប្រសើរជាងប្រទេសដទៃគួរជាទីមោទនៈ។

លោកប្រធានសមាគមយុវជនក្រុម៨ បានបញ្ជាក់ថា ការចូលរួមជាថវិកានៅថ្ងៃនេះ គឺជាការចូលរួមចំណែកដោយទឹកចិត្តជាមួយនឹងរាជរដ្ឋាភិបាល និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីបុព្វហេតុការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារមនុស្សធម៌ សង្គមជាច្រើនទៀត។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី សូមថ្លែងអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងក្រុមការងារក្រុមយុវជនក្រុម៨ ដែលបានផ្ដល់ថវិកាដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ក្នុងបុព្វហេតុប្រជាពលរដ្ឋ និងសង្គម។

លោកស្រីបណ្ឌិត បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ (TYDA) គឺមានគោលការណ៍៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋរួមមាន៖

*ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ
*ប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈ ចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស
*ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមទៀតថា នេះគឺជាពេលវេលាដ៏ល្អ និងរីករាយដែលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានភាពល្អប្រសើរអាចធ្វើឱ្យយើងមានឱកាសជួបជុំគ្នា និងបានធ្វើការងារមនុស្សធម៌ដើម្បីប្រជាពលរដ្ឋ។ យើងពិតជាមានសំណាងដែលបានជម្នះរាល់ឧបសគ្គ ហើយទទួលបានបទពិសោធន៍ និងស្ថានភាពល្អប្រសើរឡើងវិញដូចសព្វថ្ងៃក្នុងព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយយើងមានប្រមុខថ្នាក់ដឹកនាំ ដ៏ជាញជ័យគឺសម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំង ការបញ្ជាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ និងការងារជាច្រើនទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានឧបត្ថម្ភថវិកាសប្បុរសធម៌ចំនួន១៨៨,៨៨០,០០០រៀលម្ដងរួចមកហើយ ដែលគិតមកដល់ថ្ងៃនេះគឺមានរយៈពេលមួយឆ្នាំ និង១៨ ថ្ងៃ ដែលសមាគមក្រុម៨បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA៕