(កំពង់ចាម)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង២ពាន់នាក់ នៅក្នុងស្រុកចំនួន៥ នៃខេត្តកំពង់ចាម ទទួលផលពីសំណង់អនាម័យទឹកស្អាតមួយចំនួន ដែលត្រូវបានសាងសង់ ដោយកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តាមរយៈការថវិកាឧបត្ថម្ភ ដោយកាកបាទក្រហមសិង្ហបុរី។

នៅថ្ងៃទី២៦ ខែមេសា២០២២នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិកា កាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគល់សំណង់អនាម័យទឹកស្អាត ដែលជាជំនួយឧបត្ថម្ភថវិកា ដោយបាកបាទក្រហមសិង្ហបុរី ជូនដល់សាលារៀនគោលដៅចំនួន៧ នៅក្នុងខេត្តកំពង់ចាម។

ពិធីនេះធ្វើឡើងក្នុងបរិវេណ សាលាបឋមសិក្សាអណ្តូងតាអ៊ុង និងអនុវិទ្យាល័យព្រែកក្របៅ នៃស្រុកកងមាសខេត្តកំពង់ចាម ព្រមទាំងមានការចូលរួម ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមផងដែរ ។

ក្នុងឱកាសប្រគល់-ទទួលនោះ លោកស្រី ពុំ ចន្ទីនី បាននាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល សម្ដេចតែង តែ មានក្ដីនឹករលឹក និងការ អាណិតអាសូរ ជានិច្ច ចំពោះសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ពិសេស ប្រជាពលរដ្ឋ ដែលជួបការលំបាក ខ្វះខាតទឹកស្អាតប្រើប្រាស់។

ជាមួយគ្នានេះលោកស្រីមានប្រសាសន៍ថា សំណង់អនាម័យទឹកស្អាតទាំងនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ និងសាលារៀនទាំង៧គោលដៅនេះ ព្រោះថា សំណង់ទាំងនេះ បានសាងសង់ឡើងនៅតាមទីទួលសុវត្ថិភាពពេលមានទឹកជំនន់ និង សាលារៀន ដែលមានតម្រូវការជាអាទិភាព អំពីអនាម័យ និងទឹកស្អាត។

លោកស្រីបានឱ្យដឹងថា ដោយពិនិត្យលើស្ថានភាពជាក់ស្តែង ក្នុងនោះសាខាបានសម្រេចផ្តល់ ជូនដល់សាលារៀនគោល ដៅចំនួន៧ ក្នុងឃុំ៧ នៃស្រុក៥រួមមាន៖ ស្រុកកងមាស,ស្រុកកំពង់សៀម, ស្រុកព្រៃឈរ, ស្រុកស្ទឹងត្រង់, និងស្រុកចំការលើ។ ដោយសំណង់អនាម័យទឹកស្អាតទាំងនេះ បានផ្តល់ជូនសម្រាប់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូប្រើប្រាស់ ដើម្បីលើកកម្ពស់សុខភាពអនាម័យ ចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ក៏ ដូចជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ ហើយបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពនេះ។

សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ដែលទទួលផលពីសំណង់ អនាម័យទឹកស្អាតនេះ សូមគោរពសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ និងការថែទាំសុខភាពអនាម័យជាប្រចាំ។

សូមបញ្ជាក់ថា តាមរយៈជំនួយពីកាកបាទក្រហមសិង្ហបុរី កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល រួមជាមួយ សាខាខេត្តកំពង់ចាម បានសាងសង់អណ្តូងស្នប់បំពាក់ម៉ូទ័រ២កន្លែង ស្ថានីយលាងដៃ៨កន្លែង បង្គន់អនាម័យសង់ថ្មី១ខ្នង៣បន្ទប់ ជួសជុលបង្គន់អនាម័យ១ខ្នង៤បន្ទប់ និងតម្លើងស៊ីទែនទឹកថ្មីចំណុះ២០០០លីត្រ ជាមួយជើងទម្រ១ ជូនដល់សាលារៀនគោលដៅចំនួន៧ នៅក្នុងខេត្តកំពង់ចាម គិតជាទឹកប្រាក់ចំនួន ២៤ ២០០ដុល្លាអាមេរិក។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សំណង់អនាម័យទឹកស្អាតទាំងនេះបានផ្តល់ជូនសម្រាប់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូប្រើប្រាស់ ដើម្បីលើកកម្ពស់សុខភាពអនាម័យ ចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ក៏ដូចជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ហើយបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពនេះ។

លោកបានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលទទួលផលពីសំណង់អនាម័យទឹកស្អាតទាំងនេះ មានចំនួនសរុប២,០៣៤នាក់ (ស្រី១,០៤២នាក់) ក្នុងនោះគ្រូបង្រៀន៧៤នាក់ (ស្រី៤៩នាក់) និងសិស្សានុសិស្ស១,៩៦០នាក់ (ស្រី៩៩៣នាក់)»

ចំពោះការសាងសង់ សាខាបានរៀបចំបង្កើតគណៈកម្មការសម្របសម្រួលដំណើរការសាងសង់មាន លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា ជាប្រធាន បានរៀបចំនីតិវិធីដំណើរការសាងសង់សំណង់ទាំងនេះ ដោយរួមជាមួយក្រុមហ៊ុនម៉ៅការ ដែលបានដេញថ្លៃ និងមានកិច្ចសន្យាត្រឹមត្រូវ។ ការដ្ឋានសំណង់បានចាប់ផ្តើមពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រហូតមក ប៉ុន្តែដោយសារការរាតត្បាតនៃកូវីដ-១៩ សំណង់នេះត្រូវបានអូសបន្លាយ រហូតដល់ចុងខែមីនា ឆ្នាំ២០២២ ទើបសម្រេចសាងសង់រួចរាល់ជាស្ថាពរ ហើយប្រារព្ធដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។

តាងនាមសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋដែលទទួលផល ពីសំណង់អនាម័យទឹកស្អាតនេះ លោក អ៊ុន ចាន់ដា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគាំទ្រនូវរាល់សកម្មភាពមនុស្សធម៌របស់សាខា ពិសេសសម្តេចបានជួយទំនុកបម្រុងថវិកា សម្ភារៈដ៏ច្រើនសន្ធឹកសន្ធាប់ជួយដល់សាខាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩កន្លងទៅនេះ។ ការផ្តល់អណ្តូងស្នប់ ស្ថានីយលាងដៃ និងបង្គន់អនាម័យ នាពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ និងការថែទាំសុខភាពអនាម័យជាប្រចាំ៕