(ភ្នំពេញ)៖ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចេញលិខិតថ្លែងអំណរគុណថ្នាក់ដឹកនាំ និងអភិបាលមួយចំនួន ដែលបានចូលរួមរំលែកទុក្ខមរណទុក្ខ និងចូលរួមផ្ទាល់ចំពោះមរណភាពម្តាយរបស់លោក គឺមហាឧបាសិកា តាន់ រ៉ាយ។

គួរជម្រាបថា មហាឧបាសិកា តាន់ រ៉ាយ បានទទួលមរណភាព កាលពីថ្ងៃទី១១ ខែមេមសា ឆ្នាំ២០២២ វេលាម៉ោង ១១៖១៥នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅទីក្រុងបាងកក ប្រទេសថៃ។

លោក កៅ ខុនដារ៉ា បានថ្លែងអំណរគុណ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា, ព្រឹទ្ធសភា និងអធិការកិច្ច, លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា, លោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

លោក កៅ ខុនដារ៉ា បានលើកឡើងថា លោក និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃបំផុតផ្ញើរសាររំលែកទុក្ខ ចំពោះមរណៈភាពអ្នកម្តាយរបស់លោកបាទ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ១១:១៥នាទីយប់ ថ្ងៃច័ន្ទ ១០កើតខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

សាររំលែកទុក្ខប្រកបដោយមនោសញ្ចេតនា និងសមានចិត្តដ៏ជ្រាលជ្រៅរបស់ឯកឧត្តម និងលោកជំទាវ គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ និងក្រុមគ្រួសារដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ថ្នាក់ដឹកនាំទាំងអស់បានឡើយ។

ខ្ញុំបាទសូមលើកហត្ថប្រណម្យបន្ទន់កាយសូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិដែលមានតេជៈបារមីទាំងអស់ក្នុងលោក សូមប្រោសប្រទានពរជ័យសិរីមង្គលបវរមហាប្រសើរជូន
ចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រួសារទាំងអស់ សូមសមប្រកបបាននូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕