(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចប្រតិបត្តិការ មូលនិធិគាំទ្រការផ្ដល់សេវាឃុំសង្កាត់ ដល់អ្នកអនុវត្តសំខាន់ៗនៅថ្នាក់ឃុំ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែមេសា ឆ្នាំ២០២២ នៅសាលាស្រុកឆ្លូង។

លោកស្រី ខាំ សុភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារគម្រោង នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានសហការជាមួយក្រសួងសុខាភិបាល និងធនាគារពិភពលោក បានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងខិតខំប្រឹងប្រែង យ៉ាងសកម្ម ក្នុងការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង។

លោកស្រី បានបញ្ជាក់ទៀតថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងឲ្យអ្នកអនុវត្តសំខាន់ៗ នៅរដ្ឋបាលថ្នាក់ក្រោមជាតិយល់ដឹងអំពីគោលការណ៍ណែនាំប្រតិបត្តិការ ស្ដីពីកិច្ចប្រតិបត្តិការគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងមានសមត្ថភាពក្នុងការអនុវត្តកម្មវិធីឃុំ សង្កាត់សម្រាប់ស្ដ្រី និងកុមារ ប្រកបដោយប្រសិទ្ធភាព។

គម្រោងនេះដែរ គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ និងគុណភាពនៃសេវាអាហារូបត្ថម្ភ ជាអាទិភាពសម្រាប់សុខភាពមាតា និងកុមារប្រកបដោយប្រសិទ្ធភាព សំដៅធានានិរន្តរភាព និងស័ក្ដិសិទ្ធិភាព នៃការផ្ដល់ហិរញ្ញប្បទាន សម្រាប់សេវាសុខភាពបន្តពូជ អាហារូបត្ថម្ភសម្រាប់មាតា និងកុមារ ព្រមទាំងចូលរួមកាត់បន្ថយ អត្រាភាពក្រិនរបស់កុមារ នៅក្នុងខេត្តគោលដៅចំនួន ០៩ មានក្រុងស្រុក ៦៥ មានឃុំសង្កាត់ ៤១៦ និងភូមិសរុបចំនួន២,៨០៤ ហើយរយៈពេលអនុវត្តគម្រោងត្រូវបន្ថែម រយៈពេលសម្រាប់អនុវត្តគម្រោង រហូតដល់ខែមិថុនា ឆ្នាំ២០២៦។

គម្រោងនេះ មានសមាសភាគ ចំនួន៣រួមមាន៖ ១, ការពង្រឹងការផ្ដល់សេវាកម្មសុខភាពជាអាទិភាព, ២៖ ជំរុញឲ្យមានតម្រូវការ និងគណនេយ្យភាពនៅកម្រិតសហគមន៍ និង៣, ធានានូវប្រសិទ្ធភាព និងការឆ្លើយតបប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល ជាភ្នាក់ងារប្រតិបត្តិនូវសមាភាគ១ និងសមាសភាគ៣ ដោយឡែកសម្រាប់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

គម្រោងនេះ សហការដោយក្រុមធនាគារពិភពលោក មូលនិធិសកលសម្រាប់គាំទ្រគ្រប់ស្រ្តី និងគ្រប់កុមារ ជំនួយអូស្ត្រាលី ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ និងមូលនិធិម្ចាស់ជំនួយពហុភាគី នៃគម្រោងលើកកម្ពស់សមធម៌ និងការកែលម្អគុណភាពសុខាភិបាល ដែលមានរយៈពេល ០៥ឆ្នាំ (២០១៩-២០២៤) នឹងត្រូវចំណាយថវិកាសរុបចំនួន៥៣លានដុល្លារសហរដ្ឋអាមេរិក៕