(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មាការសុវត្ថិភាពចរាចរផ្លូវគោកខេត្ត បានណែនាំដល់មន្ត្រីដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅនានាក្នុងខេត្ត ត្រូវធ្វើការផាកពិន័យឱ្យបានធ្ងន់ធ្ងរដោយគ្មានការយោគយល់ ចំពោះរថយន្តដែលដឹកជញ្ជូនគ្រឿងសង្ហារឹមច្រើនហួសហេតុ ដឹកសំពីងសំពោង និងរថយន្តទួរីសដឹកទំនិញចងផ្អោបលើដំបូល និងចងផ្អោបផ្នែកខាងក្រោយ។

ការណែនាំបែបនេះរបស់របស់លោក សំ លាងទ្រី បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២២ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការចូលរួមពីអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យ ជាច្រើនរូបទៀត នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២ ម្សិលមិញ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក សំ លាងទ្រី បានផ្តោតសំខាន់លើការងារ ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយលោកធ្វើការណែនាំដល់មន្ត្រីពីរបៀបរបប និងឥរិយាបទក្នុងពេលចុះបំពេញការងារនៅតាមដងផ្លូវ ធ្វើយ៉ាងណាត្រូវធ្វើខ្លួនឱ្យស័ក្កិសមជាមន្ត្រីអ្នកផ្សព្វផ្សាយច្បាប់ចរាចរណ៍។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវនានា នៅតាមក្រុង ស្រុកនានា នៅក្នុងខេត្តរបស់យើង គោលបំណងតែមួយគត់ គឺយើងចង់ផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងគ្រប់ច្រល្ហក ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានការយល់ជ្រួតជ្រាប រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ មិនមែនយើងចង់ធ្វើបាបអ្នករកសុីដឹកជញ្ជូននៅតាមដងផ្លូវនោះទេ»។

ដោយអនុវត្តទៅតាមច្បាប់ និងការណែនាំដខ្ពង់ខ្ពស់ពីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជុន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក សំ លាងទ្រី «ក៏បានលើកទឹកចិត្តដល់មន្ត្រីអនុវត្តច្បាប់ សូមអនុវត្តឱ្យបានតឹងរឹងបំផុត ធ្វើការផាកពិន័យទៅតាមច្បាប់ដោយគ្មានការយោគយល់ ចំពោះរថយន្តដឹកជញ្ជូនគ្រឿងសង្ហារឹមសំពីងសំពោង រថយន្តទួរីសដឹកទំនិញចងផ្អោបលើដំបូលនិងចងផ្អោបផ្នែកខាងក្រោយ»។

ទាក់ទងនឹងកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២២នេះ លោក សំ លាងទ្រី បានកោតសរសើរដល់មន្ត្រីទាំងអស់ ដែលបានដែលបានខិតខំបំបេញតួនាទី ភារកិច្ចបានយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីមហាជន។ ចំពោះសកម្មភាពការងារខែមេសា លោកកត់សម្គាល់ឃើញថាមន្ត្រីធ្វើបានតិចណាស់ ដែលកត្តានេះមូលហេតុដោយសារតែសម្រុកធ្វើការងារចាស់ ហើយម្យាងទៀតដល់រដូវចូលឆ្នាំខ្មែរផង តែលោកក៏ជំរុញឱ្យមន្ត្រីត្រូវខិតខំបំពេញការងារទ្វេរដងសម្រាប់ខែឧសភា ខាងមុខនេះ៕