(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ឯក ចន សេនឌឺសុន (John Sanderson) អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) ចូលជួបសម្តែងការគួរសម និងរំលឹកនូវអនុស្សាវរីយ៍ជូចត់មួយចំនួនក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា កាលពី៣០ឆ្នាំមុន។

លោកឧត្តមសេនីយ៍ឯក ចន សេនឌឺសុន (John Sanderson) គឺជាអតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលបានដឹកនាំកងកម្លាំងរក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩២ គ្រាកម្ពុជាជួបវិបត្តិនយោបាយ និងភ្លើងសង្គ្រាម។

ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ចន សេនឌឺសុន នៅកម្ពុជានាពេលនេះ មិនត្រឹមតែជាការរំលឹកដល់អនុស្សាវរីយ៍ជូរចត់ពេលបំពេញបេសកកម្មនៅកម្ពុជាប៉ុណ្ណោះទេ តែក៏ជាដំណើរទស្សនកិច្ច ដើម្បីអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលីផងដែរ។

បន្ទាប់ពីជំនួបនេះទៅ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំអាហារទទួលលោកឧត្តមសេនីយ៍ឯក ចន សេនឌឺសុន និងក្រុមការងាររបស់លោកផងដែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ចន សេនឌឺសុន នៅកម្ពុជានាពេលនេះ សម្តេចនឹងណែនាំឱ្យមានការរៀបចំឱ្យលោកឧត្តមសេនីយ៍ ធ្វើដំណើរទៅកាន់ដែនដីអតីតសមរភូមិសង្គ្រាម ជាពិសេសអតីតដែនដីគ្រប់គ្រងដោយខ្មែរក្រហម ដែលកាលនោះកងកម្លាំងរបស់អ៊ុនតាក់ មិនអាចចូលទៅបាននោះទេ៕