(ស្ទឹងត្រែង)៖ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលព្រំដែន និងផ្លូវក្រវ៉ាត់ព្រំដែន ដែលនៅជាប់ជាមួយនឹងប្រទេសឡាវ។

ការចុះពិនិត្យព្រំដែននេះ ក៏មានការចូលរួមដោយ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន, នាយឧត្តមសេនីយ៍ ខ្វាន់ សៀម អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងផងដែរ។

លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅក្នុងឱកាសនោះ លោក វ៉ា គឹមហុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធព្រំដែននេះ ទោះបីជាកម្ពុជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការស្ថាបនារហូតមកដល់ថ្ងៃនេះ ទទួលបានលទ្ធផលយ៉ាងច្រើនគួរជាទីមោទន:។

លោកបញ្ជាក់ថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះ ជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីកសាងព្រំដែនកម្ពុជាទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ និងសុខដុមនីយកម្ម៕