(ភ្នំពេញ)៖ ក្រោយចូលអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ជិត ៣០ឆ្នាំមកនេះ កម្ពុជាចុះបញ្ជីម៉ាកបានជាង ៨ម៉ឺនម៉ាក។ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម។

កម្ពុជាបានចូលរួមជាមួយអង្គការ WIPO ក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីការប្តេជ្ញាចិត្ត ក្នុងការអនុម័តច្បាប់សំខាន់ៗមួយចំនួន រួមទាំងច្បាប់កម្មសិទ្ធិបញ្ញាជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធមួយចំនួន។ ក្រោយចូលរួមបាន ២ឆ្នាំ ពោលគឺនៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចចេញអនុក្រឹត្យ បង្កើតនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រោមក្រសួងពាណិជ្ជកម្ម។

របាយការណ៍របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា «គិតមកដល់ពេលនេះ ការចុះបញ្ជីម៉ាកមានចំនួន ៨៧.៥៤១ ខណៈក្នុងស្រុកមានចំនួន ២០.៨៥៣ និងក្រៅស្រុកមានចំនួន ៦៦.៦៨៨»

របាយការណ៍ដដែលបានឲ្យដឹងបន្ថែមថា បើនិយាយពីការទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកវិញ គិតមកដល់ពេលនេះ មានចំនួន ១០២.៨៦៤ ខណៈក្នុងស្រុកមានចំនួន ២៧.៦១៦ និងក្រៅស្រុកមានចំនួន ៧៥.២៤៨ ។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការ WIPO ក៏បានរៀបចំកម្មវិធី ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ក្រោមប្រធានបទ កម្មសិទ្ធិបញ្ញា និងយុវជន «ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ» នៅផ្សារទំនើបអ៉ីអន ម៉ល សែនសុខ ស៉ីធី (ជាន់ទី៣) ផងដែរ។

ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២ ត្រូវរៀបចំឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយមានការចូលរួមពីលោកស្រីបណ្ឌិតសភាពចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក Daren Tan អគ្គនាយក WIPO តំណាងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា តំណាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធទៀតផង។

សូមជម្រាបថា WIPO ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយ និងការពារកម្មសិទ្ធិបញ្ញា (IP) នៅទូទាំងពិភពលោក ដោយកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក៏ដូចជាអង្គការអន្តរជាតិនានា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៦៧។ គិតត្រឹមដើមឆ្នាំ២០២២ WIPO មានរដ្ឋសមាជិកចំនួន ១៩៣ ហើយសកម្មភាពរួមមានការរៀបចំវេទិកា ដើម្បីពិភាក្សា និងរៀបចំច្បាប់ IP អន្តរជាតិ និង គោលនយោបាយ ការផ្តល់សេវាសកលដែលចុះឈ្មោះ និងការពារ IP នៅក្នុងប្រទេសផ្សេងៗគ្នា ការដោះស្រាយជម្លោះ IP ឆ្លងដែន ជួយភ្ជាប់ប្រព័ន្ធ IP តាមរយៈស្តង់ដារឯកសណ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ និងបម្រើជាមូលដ្ឋានទិន្នន័យយោងទូទៅលើបញ្ហា IP ទាំងអស់៕