(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យមើលដំណើរការសាងសង់អគារថ្មី «តេជោអភិវឌ្ឍន៍» នៅក្នុងមន្ទីរពេទ្យកាលម៉ែត ដែលរហូតដល់ពេលនេះ សម្រេចបានប្រមាណជាង៩២ភាគរយហើយ។

នៅក្នុងឱកាសចុះពិនិត្យមើលការសាងសង់នេះ លោករដ្ឋមន្រ្តី បានឱ្យដឹងថា នេះជាការអភិវឌ្ឍមួយជំហាននៅក្នុងវិស័យសុខាភិបាល របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ដោយមន្ទីរពេទ្យកាល់ម៉ែត នឹងក្លាយទៅជាមន្ទីរពេទ្យទំនើបកាន់តែមានលក្ខណៈគ្រប់គ្រាន់ ដើម្បីថែទាំ និងព្យបាលប្រជាពលរដ្ឋ ក៏ដូចជា ថ្នាក់ជាន់ខ្ពស់របស់យើងឲ្យបានល្អប្រសើរ មិនឲ្យចាញ់ប្រទេសគេ។

អគារថ្មី នៃមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងសាងសង់នេះ មានគ្រែអ្នកជំងឺចំនួន៤៦៥ បើគិតជាម៉ែត្រការ៉េមានចំនួនជាង៤មឺុនម៉ែត្រការ៉េ ដែលអាចថែទាំអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ រហូតមកដល់ពេលនេះ ដំណើរការសាងសង់បាន៩២,០២% សម្រាប់ការសាងសង់អាចនិងបញ្ចប់ចុងឆ្នាំ។ នេះបើតាម ការបញ្ជាក់របស់ លោក ម៉ម ប៊ុនហេង។

លោករដ្ឋមន្រ្ដី បានបន្ថែមទៀតថា អគារថ្មីនេះ មានកន្លែងសង្រ្គាះបន្ទាន់ កន្លែងវិនិច្ឆ័យគ្រប់គ្រាន់ អាចមានកន្លែងថែទាំព្យាបាល និងអ្នកឯកទេសជំនាញគ្រប់ផ្នែកនឹងបំពេញភារកិច្ចបន្ថែមលើអគារចាស់ ដែលបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋយើង ធ្វើយ៉ាងម៉េចឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋយើងមានបញ្ហាបន្តិចបន្ទួចចេះតែទៅខាងក្រៅ។ ដូច្នេះ ត្រូវតែមានកន្លែងទទួលថែទាំប្រជាពលរដ្ឋឲ្យបានល្អ។

លោកបានកោតសើរមន្រ្ដីបុគ្គលិករបស់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំអស់ពីកម្លាំងចិត្ដ អនុវឌ្ឍនូវគោលនយោបាយ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕