(មណ្ឌលគិរី)៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុកដល់កងកម្លាំនគរបាលការពារ ព្រំដែនគោកទាំងពីរ គឺលេខ ៦២១ និង៣០៣។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ និងមានការចូលរួមពី នាយ នាយរងប៉ុស្តិ៍ការពារព្រំដែន ទាំង១៤ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានណែនាំមន្ត្រីដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត និងខិតខំយកចិត្តទុកដាក់បង្ការទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន បន្ថែមពីលើនោះប្រើប្រាស់វិធានការល្បាតឲ្យបានតឹងរឹងបំផុត។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ជាមន្ត្រី និងជាកងកម្លាំងសមត្ថកិច្ច ត្រូវតែគោរពនូវវិន័យ និងសីលធម៌ឲ្យបានម៉ឺងម៉ាត់ ទន់ភ្លន់ តែមិនទន់ជ្រាយ។ លើការងារបន្ថែមពីលើនោះផងដែរ ត្រូវអនុវត្តន៍នៅវិន័យរបស់កងកម្លាំងនគរបាលឲ្យបានខ្ជាប់ខ្ជួន៕