(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ពីដូសទី១ រហូតដល់ដូសទី៤ ដើម្បីបង្កើតឱ្យមានភាពស៉ាំសហគមន៍ ក្នុងការទប់ស្កាត់ និងឈានទៅកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ១៩ ក្រោយមានអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈវ៉ាក់សាំងរបស់យើងមាននៅក្នុងឃ្លាំងជាច្រើនលានដូសតាមរយៈការផ្តល់ជំនួយរបស់ប្រទេសជាមិត្ត និងការបញ្ជាទិញរបស់សម្តេចតេជោ។

ការអំពាវនាវរបស់លោក ជា ពិសី បានធ្វើឡើង ពេលលោក និងអមដំណើរពីលោក កែវ សុភា អភិបាលរងខណ្ឌ និងមន្ត្រីមួយចំនួនទៀត ចុះត្រួតពិនិត្យ សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (ដូសទី១-ដូសទី៤) ពីក្រុមគ្រូពេទ្យស្ម័ត្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ សហការសម្របសម្រួលដោយគណៈកម្មការផ្សារដេប៉ូ ក្រុមហ៊ុនវិនិយោគផ្សារដេប៉ូ និងកម្លាំងសន្តិសុខផ្សារ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៥១,១៣២,៧៩០ដូសរួចមកហើយ តាមរយៈយន្ដការបញ្ជាទិញ យន្ដការជំនួយទ្វេភាគី និងយន្ដការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្ដការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ១៩ និងក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត និងការគិតគូយ៉ាងម៉ត់ចត់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនោះរួមមាន៖

*វ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) មានចំនួន ៣៤ ៤២៤ ៨០០ដូស។
*វ៉ាក់សាំងស៉ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ដូស។
*វ៉ាក់សាំងអាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៥ ១៦៥ ៥០០ដូស។
*វ៉ាក់សាំងចនសុនអេនចនសុន (Jongson&Johnson) ចំនួន ១ ០៦៤ ៦០០ដូស។
*វ៉ាក់សាំងម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ដូស។
*វ៉ាក់សាំងហ្វាយហ្វឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ដូស។

សូមជម្រាបថា ក្នុងឱកាសនៃពិធីទទួលវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនេកា ដែលជាជំនួយរបស់ប្រទេសអ៊ីតាលី ចំនួន ១ ០៥៦ ០០០ដូស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង ២០លានដូសទៀត នៅក្នុងឆ្នាំ២០២២នេះ រួមមាន៖ វ៉ាក់សាំងដែលជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ១៥លានដូស វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសប៉ូឡូញប្រមាណ ១លានដូស រួមជាមួយវ៉ាក់សាំងដែលនឹងផ្ដល់ដោយសហរដ្ឋអាមេរិកចំនួន ៧លាន៥សែនដូសទៀត៕