(កំពង់ធំ)៖ លោកវរសេនីយ៍ឯក សោម សាវ៉ាត អធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់់ធំ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ យ៉ាងហោចណាស់មានសត្វគោចំនួន៨ក្បាល បានងាប់ និង១ក្បាលបានរបួសដោយសាររន្ទះបាញ់។

លោកវរសេនីយ៍ឯក បានបន្តថា ហេតុការណ៍នេះបានកើតឡើងនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦៖១៧នាទី នៅភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងលាយឡំ និងផ្គររន្ទះហើយហ្វូងគោទាំងនោះបានជ្រកក្រោមដើមឈើចម្ងាយប្រហែល ៥០០ម៉ែត្រ ពីផ្ទះប្រជាពរដ្ឋ។

តាមការស្រាវជ្រាវរបស់លោកអធិការស្រុកបញ្ជាក់ថា ម្ចាស់គោមានឈ្មោះរួមមាន៖

*ទី១៖ ឈ្មោះ ឌិន សាមឿន ភេទស្រី ងាប់គោចំនួន២ក្បាល និងរបួសសត្វគោ១ក្បាល។
*ទី២៖ ឈ្មោះ តុង ចេន ភេទប្រុស ងាប់គោ ១ក្បាល។
*ទី៣៖ ឈ្មោះ លាត ពន្លឺ ភេទប្រុស ងាប់គោចំនួន២ក្បាល។
*ទី៤៖ ឈ្មោះ ប៊ុត ថាន ភេទប្រុស ងាប់គោ ១ក្បាល។
*ទី៥៖ ឈ្មោះ សៀង ជាន ភេទប្រុស ងាប់គោចំនួន ២ក្បាល។

លោកអធិការស្រុកប្រសាទបល្ល័ង្ក សូមអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានសត្វគោ ក្របី ដែលយកទៅឃ្វាលនៅតាមវាលស្រែ សូមមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតធម្មជាតិកើតឡើង ដែលបង្កឱ្យមានរន្ទះធ្វើប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាដើម៕