(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវមហាកុដិវត្តវេឡុវនោទ្យាន ព្រមទាំងសមិទ្ធផននានា និងបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង មាន៥បន្ទប់ ដែលមានតម្លៃជាង១លានដុល្លារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមិទ្ធផលដែលសម្ពោធដាកឱ្យប្រើប្រាស់នាពេលនេះរួមមាន៖ អគារសិក្សា ៣ខ្នង មាន១៥បន្ទប់, ទីចាត់ការ២ខ្នង, ស្ពាននាគ, ផ្លូវបេតុង ៣ខ្សែមានប្រវែង ១,៥៦២ម៉ែត្រ ក្លោងទ្វាវត្តចែងប្រិយ៍ របង-ក្លោងទ្វាសាលាស្រុកស្វាយចេក, អគារទីស្នាក់ការគណបក្សចំនួន៣ (នៅឃុំសារង្គ ឃុំតាផូ ឃុំផ្គាំ)។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំកំពូលរបស់ជាតិជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងបានដឹកនាំបញ្ជាអន្តរាគមន៍ប្រកបដោយចក្ខុវិស័យគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចាក់ស្រោចវ៉ាក់សាំងចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសទី៤ ពីមនុស្សចាស់ ដល់កុមារ ដើម្បីបង្កើតបានភាពស៊ាំ ដែលជាផ្លូវមួយបានបើកឱ្យប្រទេសកម្ពុជា បានដំណើរជាប្រក្រតីភាពឡើងវិញនូវសកម្មភាពអាជីវកម្មយ៉ាងច្រើន។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា វិស័យជំនឿសាសនា ត្រូវបានបើកយ៉ាងទូលំទូលាយសម្រាប់ប្រជាជនគ្រប់រូប ដែលក្នុងព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ ក្នុងរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម តាមពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធផ្តល់ការអប់រំផ្លូវចិត្តលើកកម្ពស់ សីលធម៌រស់នៅដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសយុវវ័យបានបញ្ចូលខ្លឹមសារអប់រំក្នុងធម្មទេសនា ដើម្បីឱ្យយុវវ័យចៀសផុតពីអំពើអបាយមុខទាំងឡាយ ប្រាសចាកសីលធម៌សង្គម និងការអប់រំអំពីគ្រោះថ្នាក់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀនជាដើម។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានកោតសរសើរ និងថ្លែងអំណគុណអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមជាមួយរាជរដ្ឋាភិបាលរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបានរីកចម្រេីន ព្រមទាំងសូមអញ្ជេីញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យគ្រប់ៗគ្នា។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រី បាននាំយកអំណោយទៅវេរប្រគេន និងចែកជូនដល់ប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗសារ៉ុង១, ឧបត្ថម្ភកកម្លាំងនគរបាល, កងរាជអាវុធហត្ថ, តំបន់ប្រតិបត្តិការសឹករង និងក្រុមគ្រូពេទ្យដោយមួយ១ក្រុម ទទួលបានថវិកា ៥០ម៉ឺនរៀល, ជូនលោកតា លោកយាយ ចំនួន៤០នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ថវិកា ១ម៉ឺនរៀល, ឧបត្ថម្ភយុវជន ស.ស.យ.ក និងកាកបាទក្រហមចំនួន ២០នាក់ ក្នុងម្នាក់ៗ ថវិកា១ម៉ឺនរៀល និងប្រគេនបច្ច័យកសាងវត្តចំនួន ៥,០០០ដុល្លារ៕