(ព្រះសីហនុ)៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាខេត្តគំរូ និងពហុបំណង។ នេះជាប្រសាសន៍លើកឡើងរបស់លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីបណ្តាគណៈកម្មាធិការគណបក្សតាមបណ្តាមន្ទីរជុំវិញខេត្ត ដែលជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះ លោក សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកិច្ចសហការល្អរបស់សមាជិកសមាជិកាបក្សដែលបានអនុញ្ញាតឱ្យក្រុមការងាររបស់គណបក្ស ជាពិសេសក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលបានជោគជ័យនៅក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ឱ្យដឹងថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាខេត្តគំរូ និងពហុបំណង។ ការដែលបងប្អូនទាំងអស់មានឱកាសចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិនេះ ក៏ដោយសារកត្តានៃសុខសន្តិភាព ស្ថេរភាពនយោបាយដែលយើងកំពុងតែមានបច្ចុប្បន្ននេះ។

លោក សាយ សំអាល់ បានរម្លឹកឱ្យដឹងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាយើងបានបញ្ចប់នូវសង្គ្រាមរ៉ាំរ៉ៃដោយជោគជ័យ ហើយបាននាំមកនូវសុខសនិ្តភាព ស្ថេរភាពនយោបាយ ដែលយើងពុំធ្លាប់មានសោះក្នុងប្រវត្តិសាស្ត្រកម្ពុជា ជាង៥០០ឆ្នាំមកនេះ។ គុណតម្លៃនៃសន្តិភាព គឺជារឿងសំខាន់ណាស់ ដែលយើងត្រូវកសាងសន្តិភាពឱ្យរឹងមាំ ចាក់ឬសកាន់តែជ្រៅថែមទៀត។

លោកក៏បានក្រើនរម្លឹកដល់បងប្អូនដែលជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធនៅកំពង់សោមយល់ថា ការងារដែលយើងធ្វើនេះ ដើម្បីអ្វី? ដែលនេះ មិនមែនធ្វើដើម្បីតែកសាងហេដ្ឋារចនាសម្ព័ន្ធនោះទេ នេះគឺជាបំណែកមួយនៃយុទ្ធសាស្ត្ររួមក្នុងការអភិវឌ្ឍប្រទេសរបស់យើង។ ក្នុងនោះលោកបានជំរុញ និងលើកទឹកចិត្តដល់បងប្អូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនឯងឱ្យជារដ្ឋបាលទំនើប ឱ្យសមស្របទៅតាមការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

គួររម្លឹកឱ្យដឹងថា ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្ត ព្រមទាំងលោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្ស សមាជិក សមាជិកា មកពីបណ្តាគណៈកម្មាធិការគណបក្សតាមបណ្តាមន្ទីរជុំវិញខេត្ត ជាង១ពាន់នាក់៕