(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង និងជាប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពករលដ្ឋ និងក្រុមប្រឹក្សាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន ១៦២នាក់។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋឃុំគោកត្រប់ទាំងអស់ ប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលាទាំងអស់។

លោក ម៉ម ប៊ុននាង បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ធ្វើប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ទោះបីស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ប្រជាជនមានការសប្បាយរីករាយជាមួយសមិទ្ធផលជាច្រើន ជាអាទិ៍ដូចជា ផ្លូវ ស្ពាន ទឹក ភ្លើង និងការអភិវឌ្ឍ ធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើ ជីវភាពកាន់តែល្អប្រសើរឡើង។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពដើម្បីការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។

លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុគស្មាញនៅក្នុងភូមិសាស្រ្តឃុំ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្តល់សេវាសាធារណៈជូនប្រជាជន និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ប្រកបដោយសុខសុវត្ថិភាព រួមទាំងថែរក្សាសុខភាព អនាម័យ និងបរិស្ថានបានល្អប្រសើរ។

ជាមួយគ្នានោះ លោកក៏បានរំលឹកផងដែរអំពីកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលកាន់តែខិតជិតដល់ ហេតុនេះសូមអាជ្ញាធរទាំងអស់ក្តាប់ឱ្យជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ដែលថ្នាក់លើបានដាក់ចុះ និងជំរុញឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ និងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានទាំងអស់គ្នា។

លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ហើយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ពួន ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

ក្រៅពីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ និងសូមទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញតាមការកំណត់ ឱ្យបានគ្រប់ៗគ្នា៕