(ភ្នំពេញ)៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងវិភាគទានច្បាប់ បានបន្តកិច្ចសហការបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ក្នុងវិស័យរដ្ឋប្បវេណី តាមរយៈការចុះអនុស្សរណៈនៃការយោគយល់លើកទី២ រវាងក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិជាមួយវិភាគទានច្បាប់ សម្រាប់រយៈពេល១២ខែបន្តទៀត។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមវត្តមាន។

អនុស្សរណៈនេះដែរមានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖

១៖ រួមចំណែកក្នុងការផ្សព្វផ្សាយក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការរដ្ឋប្បវេណីឱ្យកាន់តែទូលំទូលាយ មានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រកបវិជ្ជាជីវៈមេធាវីលើវិស័យរដ្ឋប្បវេណី។

២៖ ចូលរួម និងបង្កើនការយកចិត្តទុកក្នុងការអភិវឌ្ឍសមត្ថភាពរបស់មេធាវី និងជំនួយការច្បាប់នៅក្នុងក្រុមមេធាវី ទាក់ទងនឹងវិស័យរដ្ឋប្បវេណី ជាពិសេសការរៀបចំលិខិតស្នាមឱ្យស្របតាមទម្រង់ដែលច្បាប់បានកំណត់ ការធ្វើបច្ចុប្បន្នភាពអំពីច្បាប់ និងការពន្យល់អំពីច្បាប់។

៣៖ ផ្សព្វផ្សាយច្បាប់តាមរយៈប្រព័ន្ធសារព័ត៌មានដែលមានលក្ខណៈស្តង់ដា និងមានវិសាលភាពផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងកម្ពុជា។

នេះជាលើកទីពីរហើយ ដែលស្ថាប័នច្បាប់ទាំងពីរបានសហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរដ្ឋប្បវេណី តាមរយៈការរៀបចំជាវគ្គបណ្តុះបណ្តាលខ្លីៗ និងការផ្សព្វផ្សាយអត្ថបទច្បាប់តាមប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈស្តង់ដា និងវិសាលភាពធំទូលាយ។ កន្លងមក ក្រោមកិច្ចសហការរវាងស្ថាប័នច្បាប់ទាំងពីរបានរៀបចំដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំឯកសារត្រៀម» «ការចុះបញ្ជីអចលនវត្ថុ (ករណីបណ្តឹង)» «ទម្រង់នៃការសរសេរពាក្យសុំដីកាសម្រេចរក្សាការពារ» «ការរំលាយកិច្ចសន្យា (ករណីបណ្តឹង)» និង «មតកសាសន៍» ដែលមានរយៈពេលសរុបចំនួន៣៥ម៉ោង។

បន្ថែមពីនេះ អត្ថបទច្បាប់ចំនួន១២ត្រូវបានរៀបចំ និងផ្សព្វផ្សាយ រួមមាន៖ (១) កម្មវត្ថុនៃប្រទានកម្មជាទ្រព្យសម្បត្តិរួមប្ដីប្រពន្ធ (២) ការទទួលខុសត្រូវចំពោះបំណុលរួមរបស់ប្ដីប្រពន្ធ (៣) ការទទួលខុសត្រូវចំពោះបំណុលរួមប្ដីប្រពន្ធ នៅពេលលែងលះ (៤) ទ្រព្យរួម និងទ្រព្យដោយឡែក (៥) ការបែងចែកទ្រព្យរួមដោយតុលាការ (៦) ការវាយតម្លៃទ្រព្យរួមសរុបដោយតុលាការ (៧) ការកំណត់វិធីបែងចែកទ្រព្យរួមដោយតុលាការ (៨) ការសម្រួលទ្រព្យរួមឱ្យមានលក្ខណៈសមាមាត្រដោយតុលាការ (៩) ការកំណត់អ្នកមានសិទ្ធិគ្រប់គ្រងកូន នៅពេលប្ដីប្រពន្ធលែងលះគ្នា (១០) ការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយតុលាការ (១១) ការកំណត់របៀបរាយការណ៍អំពីស្ថានភាពកូនដោយតុលាការ និង (១២) ការពិភាក្សាជារួមរបស់ឪពុក ឬម្ដាយ ដែលគ្មានអំណាចមេបា។

លោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ លើកទី២នេះថា ក្រុមមេធាវីកម្ពុជាសហប្រតិបតិ្តការអន្តរជាតិពិតជារីករាយដែលបានសហការជាមួយវិភាគទានច្បាប់ ដែលជាស្ថាប័នបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ដ៏មានសមត្ថភាព និងសក្តានុពលពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណី ព្រមទាំងបានក្លាយទៅជាដៃគូសហការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងនីតិរដ្ឋប្បវេណី។

លោកបានបន្តថា ក្រុមមេធាវីកម្ពុជាសហប្រតិបតិ្តការអន្តរជាតិ និងសមាជិក-សមាជិកាទាំងអស់ ពិតជាមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះឆន្ទៈ និងការលះបង់របស់ក្រុមការងារវិភាគទានច្បាប់ ជាពិសេសលោកមេធាវី អ៉ីវ ប៉ូលី និងលោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ ដែលបានលះបង់នូវពេលវេលាដ៏មានតម្លៃ និងធនធាននានាក្នុងការស្រាវជ្រាវ ចងក្រងឯកសារ និងចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណីដល់មេធាវី សមាជិក-សមាជិកា រួមទាំងបុគ្គលិកក្រុមហ៊ុនដៃគូរបស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ។

លោកមេធាវី លី រដ្ឋធី បានបន្ថែមទៀតថា សម្រាប់អនុស្សរណៈនៃការយោគយល់លើកទី២នេះ ស្ថាប័នច្បាប់ទាំងពីរបានពង្រីកកិច្ចសហការគ្នាបន្ថែមទៀត តាមរយៈការចូលរួមគាំទ្រ និងឧបត្ថម្ភរបស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ទាំងផ្នែកស្មារតី សម្ភារៈ ថវិកា ឬផ្តល់នូវធនធានផ្សេងៗដល់វិភាគទានច្បាប់ សម្រាប់សកម្មភាពនានាក្នុងការបង្កើនសមត្ថភាពលើវិស័យរដ្ឋប្បវេណី ក្នុងលក្ខណៈជាដៃគូយុទ្ធសាស្រ្តយូរអង្វែង។ ជាក់ស្តែង គិតចាប់ពីដើមឆ្នាំ២០២៣ខាងមុន រហូតដល់កាលបរិច្ឆេទបញ្ចប់នៃអនុស្សរណៈនៃការយោគយល់លើកទី២នេះ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិនឹងផ្តល់ជូនដល់វិភាគទានច្បាប់នូវទីតាំងក្នុងការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនៅក្នុងសាលប្រជុំនៃអគារការិយាល័យថ្មីរបស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដែលអាចផ្ទុកអ្នកចូលរួមបានចំនួន៦០នាក់ ដោយមិនយកកម្រៃ។

សូមបញ្ជាក់ជូនផងដែរថា ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិបាននិងកំពុងសាងសង់អគារការិយាល័យថ្មីរបស់ខ្លួនលើផ្ទៃដីចំនួន៦០០ម៉ែត្រការ៉េ និងមានកម្ពស់៦ជាន់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចម្ងាយប្រមាណ៥នាទីប៉ុណ្ណោះ ពីផ្សារទំនើបអ៉ីអនសែនសុខ។

ជាមួយគ្នានេះផងដែរ លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ ក៏បានសម្តែងនូវចំណាប់អារម្មណ៍ថា លោកស្រីមេធាវីពិតជាមានភាពរីករាយក្នុងការចែករំលែកចំណេះដឹងច្បាប់ពាក់ព័ន្ធនឹងផ្នែករដ្ឋប្បវេណីដល់មេធាវី សមាជិក-សមាជិកានៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ជាពិសេសលោកស្រីមេធាវីមានក្តីរំភើបឥតឧបមាដែលទទួលបាននូវការផ្តល់តម្លៃ និងការជឿជាក់លើការបណ្តុះបណ្តាលរបស់វិភាគទានច្បាប់ពីក្រុមមេធាវី ដែលមិនធ្លាប់មានពីមុនមក។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីមេធាវីបានកោតសរសើរដល់ទឹកចិត្តរបស់លោកមេធាវី លី រដ្ឋធី ជាថ្នាក់ដឹកនាំនៃក្រុមមេធាវីដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍនូវសមត្ថភាពរបស់មេធាវី និងសមាជិក-សមាជិកានៃក្រុមមេធាវី។

នៅក្នុងពិធីខាងលើនេះ ក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានចូលរួម និងបំពេញគ្រប់លក្ខខណ្ឌនៃវគ្គបណ្តុះបណ្តាលចំនួន២១រូប និងការប្រគល់លិខិតថ្លែងអំណរគុណ ក៏ដូចជាកាដូអនុស្សាវរីយ៍ពីសំណាក់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិដល់តំណាងវិភាគទានច្បាប់ផងដែរ៕