(ស្ទឹងត្រែង)៖ ប្រជាជននៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានទាញសក្ដានុពលធម្មជាតិនៅតាមដងទន្លេមេគង្គលើ រួមផ្សំជាមួយប្រពៃណីដូនតា ភាពប៉ិនប្រសប់ក្នុងការធ្វើម្ហូបអាហារ ព្រមទាំងចំណេះជំនាញបន្ថែមផងដែរ មកបម្រើឱ្យវិស័យអេកូទេសចរណ៍ បានប្រាក់ចំណូលបន្ថែម និងទប់ស្កាត់បទល្មើសក្នុងតំបន់បានមួយកម្រិតផងដែរ។

សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងស្ថិតនៅឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ (ធារាបវ៌្វត) ចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ មិនខុសពីសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយឡើយ សហគមន៍អេកូទេសចរណ៍កោះហាននេះក៏ជាតារារះបង្អួតឆាយានៅតាមដងទន្លេមេគង្គលើនៃតំបន់រាមសាផងដែរ។

លោកស្រី ប៊ុន សំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានឱ្យដឹងថា នៅក្នុងសហគមន៍នេះភ្ញៀវទេសចរអាចទៅទស្សនា សម្រាកលម្ហែ និងឈ្វេងអំពីទេសភាពតំបន់ ធម្មជាតិ ភូមិស្រុកប្រជាជន ប្រពៃណី និងគោលដៅទេសចរណ៍ជាច្រើន ដូចជា ព្រៃអ្នកតា កោះហាន កោះសំបូរ កោះស្នែង កោះទន្លេ ភ្នំត្រងើល ថ្មកំបោរ វាលព្រលាន។

លោកស្រី ប៊ុន សំផាន បានបន្តថា ក្រៅពីនេះ ភ្ញៀវទេសចរអាចបោះតង់សម្រាកកម្សាន្តនៅលើកោះមួយណាក៏បាន ដូចជា កោះហានជាដើម ហើយទទួលអាហាររបស់ប្រជាសហគមន៍យ៉ាងឆ្ងាញ់ពិសា។ ជិះទូកតាមដងទន្លេ ជិះទូកកាយ៉ាក់ ងូតលេងនឹងទឹកទន្លេ ការជិះកង់ ជិះម៉ូតូ ដើរក្នុងព្រៃសហគមន៍ ស្ទួចត្រី បង់សំណាញ់ ទស្សនាថ្ងៃរៀបលិច ជីកចង្រិតជាដើម ក៏សុទ្ធតែជាផលិតផលទេសចរណ៍ដែលភ្ញៀវទេសចរអាចទទួលយកក្នុងពេលមកលេងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។

ពិសេសលើសពីនេះ គឺការជិះកាណូតចូលទៅទស្សនានៅក្នុងជំរំព្រៃរំចេងដែលដុះនៅតាមទឹកជួរ រំលេចបាននូវទស្សនីយភាពគាប់ប្លែកនេត្រា។ ជាមួយគ្នានោះ ភ្ញៀវទេសចរក៏អាចងូតទឹកលេងកម្សាន្តនៅក្នុងជំរំដើមរំចេងនេះយ៉ាងពេញចិត្តផងដែរ។

ជាការកម្សាន្តមួយបែបទៀត គឺការជិះកាណូតទស្សនាសត្វស្លាប និងសត្វស្លាបកម្រនៅតាមព្រៃលិចនាដងទន្លេមេគង្គ ដូចជា សត្វអកត្រីក្បាលប្រផេះ ហ្វូងស្មោញ ហ្វូងក្អែកទឹក សារិកាកែវ ក្រសា កុកក្រកជាដើម ធានាថានៅពេលភ្ញៀវទេសចរបានទៅដល់ទីនោះនឹងមានអារម្មណ៍ត្រេកត្រអាល ជាមួយនឹងវត្តមានរបស់សត្វស្លាបទាំងនោះ, នេះបើតាមការបន្ថែមរបស់លោកស្រីប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។

គួរជម្រាបថា សហគមន៍អេកូទេសចរណ៍សម្រស់កោះហានត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ក្រោមការជួយជ្រោមជ្រែងពីអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) តាមរយៈកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) និងគាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងស៊ុយអែត ព្រមទាំងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)៕

ខាងក្រោមនេះជារូបទេសភាពមួយចំនួនសហគមន៍អេកូទេសចរណ៍សម្រស់កោះហានដែលលោក អាន គុន្ធធារ៉ា ការីព័ត៌មាន Fresh News ផ្ដិតយកបានក្នុងពេលចូលរួមដំណើរទស្សនកិច្ចសិក្សាជាមួយអង្គការ NTFP-EP ជាមួយក្រសួង-ស្ថាប័ន និងអ្នកព័ត៌មាន សរុបជិត៥០នាក់ នាដើមសប្ដាហ៍ទី៤ ខែមេសា ឆ្នាំ២០២២៖