(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងពាក់ព័ន្ធបើកការស៊ើបអង្កេត ស្រាវជ្រាវ រហូតដល់បង្រ្កាបក្រុមជួញដូរគ្រឿងញៀនប្រដាប់អាវុធចំនួន៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
តាមបញ្ជាដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដោយមានការដឹកនាំសម្របសម្រួលពី លោក ស៉ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាទាំងខេត្តខាងលើ ជាបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅទីតាំង៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។

គោលដៅបង្ក្រាបនោះរួមមាន៖

* គោលដៅទី១៖ នៅតាមបណ្តោយផ្លូវលំជិតស្ពាន៧មករា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៧កញ្ចប់។
* គោលដៅទី២៖ នៅភូមិទួលសុទិន ឃុំអង្គពពែ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀន១កញ្ចប់។
* គោលដៅទី៣៖ នៅមុខផ្សារដើមរកា តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់ ថ្នាំញៀន២កញ្ចប់ និងរថយន្ត១គ្រឿង។
* គោលដៅទី៤៖ នៅក្បែស្តុបអង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ថ្នាំញៀន៣កញ្ចប់ និងរថយន្ត១គ្រឿង។

ជាលទ្ធផល កម្លាំងមសត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៦នាក់ៈ
១៖ ឈ្មោះ ម៉ុង បូរិទ្ធ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ
២៖ ឈ្មោះ ស៊ឹម វិចិត្ត អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
៣៖ ឈ្មោះ អ៊ុក ម៉ាលីបុត្រ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ
៤៖ ឈ្មោះ ថន ពិសិដ្ឋ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
៥៖ ឈ្មោះ ប៉ុល ចិត្រា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
៦៖ ឈ្មោះ អៀង វុទ្ធី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងដែលសមត្ថកិច្ចប្រមូលបាន រួមមាន៖
១៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ១៥១.៥១ក្រាម
២៖ អាវុធខ្លី២ដើម (ប្រភេទរូឡូ និង CZ75)
៣៖ រថយន្ត២គ្រឿង (ធុនRX330 និង CAMRY)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕