(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សមាជិកភាពសហភាពសហព័ន្ធយុវជនកម្ពុជា ចំណុះលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ លោក នួន ផារ័ត្ន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលស.ស.យ.ក.បានគូសបញ្ជាក់ថា «សៀវភៅ៖ ក្តីសង្ឃឹម បានឆ្លុះបញ្ចាំនូវទស្សនល្អៗមួយចំនួនរបស់លោក ហ៊ុន ម៉ានី ចំពោះការងារសង្គមជាតិ ដែលយុវជនគួរសិក្សាស្វែងយល់»។

ការលើកឡើងខាងលើនេះដែរ គឺស្របពេលដែលលោកធ្វើការចែករំលែកពីគុណតម្លៃរបស់ស.ស.យ.ក. និងទស្សនរបស់ថ្នាក់ដឹកនាំស្ថាប័នយុវជនដ៏ធំមួយនេះក្នុងបុព្វហេតុដើម្បីសង្គមជាតិ ជូនដល់អង្គពិធី។

លោក នួន ផារ័ត្ន ក៏បានរំលឹកនូវបទពិសោធន៍ និងអនុសាសន៍មួយចំនួនដែលលោកផ្ទាល់ក្នុងនាមសមាជិក ស.ស.យ.ក. ទទួលបាន និងរៀនសូត្រពីស្ថាបនិកទី១ និងថ្នាក់ដឹកនាំស.ស.យ.ក. បច្ចុប្បន្ន (លោក ហ៊ុន ម៉ានី)។ លោកបានបន្ថែមថា ការស្វែងយល់ឲ្យច្បាស់ពីខ្លួនឯង ពីស្ថាប័នរបស់ខ្លួន និងពីទស្សនរបស់ថ្នាក់ដឹកនាំ គឺជាមូលដ្ឋានដែលអនុញ្ញាតឲ្យយើងអាចចេះសម្លឹងមើលបានវែងឆ្ងាយ កំណត់គោលដៅ និងឈានឆ្ពោះទៅការសម្រេចនូវគោលដៅណាមួយ។

ជាមួយគ្នានេះ លោកបានចែករំលែកបទពិសោធន៍ នៃដំណើររបស់លោកក្នុងនាមជាសមាជិក ស.ស.យ.ក. ដែលផ្តើមចេញពីអ្នកស្ម័គ្រចិត្តធម្មតា រហូតដល់បច្ចុប្បន្នជាថ្នាក់ដឹកនាំមួយរូប។

លោកបានសង្កត់ធ្ងន់ថា «បើគ្មានការចូលរួមជាមួយ ស.ស.យ.ក. ខ្ញុំគិតថាខ្ញុំប្រហែលមិនអាចមានថ្ងៃនេះ»។ លោកក៏បានបានធ្វើការរៀបចំយ៉ាងសង្ខេបថា ស.ស.យ.ក មិនត្រឹមតែផ្តល់ឱកាសក្នុងការចូលរួមជាមួយកិច្ចការសង្គមនោះទេ ប៉ុន្តែ ស.ស.យ.ក. គឺជាសមាគមន៍យុវជនមួយដែលដុះខាត់សមត្ថភាព បណ្ដុះសា្មរតី ឆន្ទៈរបស់យុវជនឲ្យចេះស្វែងយល់ពីខ្លួនឯង រៀនសូត្រពីអ្នកដទៃ និងបញ្ចេញសក្តានុពលរបស់ខ្លួនក្នុងនាមជាសសរទ្រូងរបស់ប្រទេសជាតិ។

សូមជម្រាបជូនថា ពិធីប្រកាសទទួលស្គាល់សមាជិកភាពសហភាពសហព័ន្ធយុវជនកម្ពុជាចំណុះលេខាធិការដ្ឋាន គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលស.ស.យ.ក. និងដោយមានចូលរួមពីសំណាក់ លោក ទី ហ្សានិត ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាល ស.ស.យ.ក., លោក សុខន តារាពី អនុប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាស.ស.យ.ក សរុបប្រមាណជាង ២០០ នាក់ នៅមជ្ឃមណ្ឌលម៉ានី នៃអាគារ The Kampus៕