(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនេះក៏មានការចូលរួមពី លោក ពាង ណារិទ្ធ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាប្រធានគណៈប្រចាំការ តំណាងលោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ, លោក ម៉ូត យូសុះ ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តត្បូងឃ្មុំ, លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា, សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា មកពីស្រុកទាំងពីរ ចំនួន៤១៨នាក់។

ថ្លែងក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់។ លោកក៏បានលើកឡើងពីប្រវត្តិ នៃការបង្កើតគណកម្មការគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

លោកបណ្ឌិតបានលើកឡើងបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ជាគណបក្សនយោបាយដែលតែងតែ គិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ឥស្លាម និងជាគណបក្សដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចសព្វថ្ងៃនេះ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខប្រាំពីរ លើពិភពលោក ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍលឿន។

បើតាមលោក អូស្មាន ហាស្សាន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា លោកបានផ្តល់ដល់សហគមន៍ឥស្លាមឲ្យមានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាលជាច្រើនរូប។ ជាមួយគ្នានោះ ដោយក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋចំនួន ១,៥០០នាក់ផងដែរ។

ជាមួយគ្នានោះ លោកបានជំរុញលើកទឹកចិត្តសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាដែលមកពីស្រុកទាំងពីរ ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមក្នុងតំបន់ ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកសង្ឃឹមយ៉ាងមុតមាំថា សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានម្លប់សន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត៕