(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដែលបានមកពីអង្គការ IHO Ebrar របស់ប្រជាជនទួរគី រស់នៅប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅភូមិសោយ១ ឃុំប៉ើស១ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ សប្បុរសជនទួរគី រស់នៅប្រទេសអាល្លឺម៉ង់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។

លោកទេសរដ្ឋមន្ត្រី បានបន្តលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។

ជាមួយគ្នានេះ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស និងបន្តខិតខំថែរក្សាការពារជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តអនុវត្ត តាមការកំណត់របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

គួរជម្រាបថា អំណោយដែលទទួលបានពីសមាគមខាងលើសម្រាប់មួយគ្រួសាររួមមាន៖ អង្ករ ២០គីឡូក្រាម, មី ១០កញ្ចប់, ប្រេងឆា ២ លីត្រ, ស្ករស ២ គីឡូក្រាម, ទឹកដោះគោ ២កំប៉ុង, អំបិល ១គីឡូក្រាម និងផ្លែល្មើ ១គីឡូក្រាម៕