(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ដើម្បីជំរុញល្បឿនវាយសំរុកផ្តាច់ព្រ័ត ដណ្តើមជ័យជំនះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខ។

កិច្ចប្រជុំការងារនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អស់លោក លោកស្រីជាអនុប្រធាន និងសមាជិកក្រុមការងារខេត្ត ប្រធាននិងអនុប្រធានក្រុមការងារស្រុក ក្រុង ឃុំ សង្កាត់ អស់លោក លោកស្រីជាប្រធាន និងអនុប្រធានគណបក្សស្រុក ក្រុង ប្រធាន និងអនុប្រធានគណបក្សឃុំ សង្កាត់ មេឃុំ រួមទាំងមន្ត្រីមូលដ្ឋានសរុបអ្នកចូលរួមចំនួនមានប្រមាណជាង ៣០០នាក់។

បន្ទាប់ពីលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ ធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីការអនុវត្តផែនការសកម្មភាពក្នុងជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការអានសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍ស្តីពីការចាត់តាំងបំពេញបន្ថែមមន្រ្តីដឹកនាំគណៈកម្មាធិការបក្សខេត្តក្រចេះចំនួន០៤រូបរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធាន ក្រុមការងារខេត្តក្រចេះបានថ្លែងនូវការកោតសរសើរ ថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានអាស្រ័យដោយការពុះពារប្រគៀកស្មាគ្នាបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ រយៈពេលជាង២ឆ្នាំកន្លងមក ដែលទោះស្ថិតក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ក្តី កំលាំងសរុបនេះបានរួមចំណែកបន្តរក្សាប្រៀបនយោបាយរបស់គណបក្សយើងនៅតាមមូលដ្ឋាន ដើម្បីឈានទៅសម្រេចឱ្យបាននូវការ បេ្តជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស គឺដណ្ដើមជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលដ៏ខ្លីខាងមុខនេះ។

លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានរំលឹកអង្គប្រជុំពីការផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជនក្នុងយុទ្ធនាការបោះឆ្នោតឃុំសង្កាត់លើកនេះ ដើម្បីបង្ហាញអ្នកបោះឆ្នោតឱ្យមើលឃើញច្បាស់ពីសមិទ្ធផល ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទេសក៏ប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ និងដោះស្រាយរាល់ផលប៉ះពាល់ជាវិបត្តិបង្កដោយជំងឺដ៏កាចសាហាវនេះ ដែលបានបង្កលទ្ធភាពរឹងមាំសម្រាប់ការបើកដំណើរការសេដ្ឋកិច្ចនិងសង្គម ជាតិជាប្រក្រតីឡើងវិញបានដូចសព្វថ្ងៃ។

លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងសង្កត់ធ្ងន់ពីកិច្ចការបន្ទាន់មួយចំនួនក្នុងជំហានវាយសំរុកឆ្ពោះទៅកាន់គោលដៅចុងក្រោយនៃជ័យជំនះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ខាងមុខរួមានជាអាទិ៍៖

១៖ ជំរុញខ្លាំងក្លាយុទ្ធនាការផ្សារភ្ជាប់សមានចិត្តជាមួយអ្នកបោះឆ្នោត ដើម្បីពង្រឹងជំនឿជឿជាក់លើកំលាំងនយោបាយ និងសមត្ថភាពដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់បុព្វហេតុសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព វិបុលភាពរបស់មាតុភូមិ និងប្រជាជនយើងតរៀងទៅអនាគត។

២៖ ត្រួតពិនិត្យជាប្រចាំរាល់សំណូមពរ និងតម្រូវការចាំបាច់របស់មូលដ្ឋានក្នុងដំណើរការបោះឆ្នោត ដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាពទាន់ពេលវេលា។

៣៖ ត្រៀមរួចស្រេចបាច់នូវរាល់កិច្ចការបង្កលក្ខណៈរួមចំណែកឱ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនក្នុងលក្ខណៈប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ចុងបញ្ចប់ អង្គប្រជុំបានសំដែងនូវការបេ្តជ្ញាចិត្តមោះមុតដោយជំនឿជឿជាក់យ៉ាងរឹងមាំ ដើម្បីដណ្តើមជ័យជំនះទាំងស្រុងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ជាក់ជាមិនខាន៕