(កណ្តាល)៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល បានអញ្ជើញបើកវគ្គបំប៉ន និងធ្វើឧទ្ទេសនាម អំពីការងារឃោសនាបោះឆ្នោត ជូនបេក្ខជនក្រុមប្រឹក្សាឃុំពេញសិទ្ធិ និងបម្រុង និងឃោសនិក ជាមន្រ្តីគណបក្សស្រុក ឃុំ និងភូមិ ក្នុងទូទាំងស្រុកមុខកំពូលជិត៤០០នាក់ សម្រាប់ត្រៀមក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។

លោក វង្សី វិស្សុត បានលើកឡើង ពីសមិទ្ធផលធំៗ ជាច្រើនរាប់មិនអស់ ដែលគណបក្សសម្រេចបាន ជូនប្រទេសជាតិ និងប្រជាជនជាបន្តបន្ទាប់នាពេលកន្លងមក។ លោកក៏បានលើកឡើង ពីជោគជ័យដ៏ធំធេង ដែលកម្ពុជា សម្រេចបានក្នុងការគ្រប់គ្រង ជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជា អាចបើកប្រទេសពេញលេញ និងស្តារសេដ្ឋកិច្ច ឱ្យងើបឡើងវិញ រហូតបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដីចំនួន១២២។ ដោយសារសន្តិភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អ ពិសេសការសម្រេចបាន នូវភាពស៊ាំក្នុងសហគមន៍ ក្នុងកម្រិត មួយដ៏ខ្ពស់ បានផ្តល់ឱកាស ដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស បានសប្បាយរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទាំងអស់គ្នា កាលពីពេលកន្លង ទៅថ្មីៗនេះ។
ទោះបីជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សង្គម-សេដ្ឋកិច្ចកម្ពុជាក្តី តែកម្ពុជា នៅតែអាចទ្រទ្រង់បាន ហើយសេដ្ឋកិច្ច នៅតែអាចរស់បានដោយមិនដួលរលំ។

ក្នុងអន្តរាគមន៍ ផ្នែកសង្គមកិច្ច, រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភ ដល់អ្នកដែលបាត់បង់ការងារធ្វើ ពិសេសប្រជាជន ដែលមានជីវភាព ខ្វះខាត (ក្រ១ និងក្រ២) និងក្រុមជន ងាយរងគ្រោះប្រមាណ៣លាននាក់។ បន្ថែមលើនេះ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ចុះមូលដ្ឋាន ក៏បានជួយទំនុកបំរុងបន្ថែមតាមការជាក់ស្តែង ដូចបងប្អូនបានជ្រាបស្រាប់។ ពិតណាស់ថា កូវីដពិតជាធ្វើឱ្យយើងជួបការលំបាកជាងមុន ក៏ប៉ុន្តែបើប្រៀបធៀប ជាមួយប្រទេសដទៃ គឺយើងគ្រាន់បើជាងគេ ព្រោះមានអ្នកឆ្លងតិច ហើយអ្នកស្លាប់ក៏មិនច្រើនដែរ។ លោកបានគូសបញ្ជាក់ថា មិត្តភ័ក្រ្ក និងដៃគូបរទេស ទាំងទេ្វភាគី និងពហុភាគី ស្ទើរតែមិនជឿថា កម្ពុជាអាចធ្វើបាន។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ជោគជ័យដ៏ធំធេងនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពដឹកនាំដ៏ប៉ិន ប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខ នៃរាជរដ្ឋាភិបាល និងជាប្រធានគណបក្ស។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីតួនាទី និងការចូលរួមចំណែក នៅពីក្រោយឆាករបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ចំពោះភាពជោគជ័យដ៏ធំធេង នៃការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរនៅកម្ពុជា។

លោក វង្សី វិស្សុត ក៏បានលើកឡើង អំពីតម្លៃ នៃសន្តិភាព ដែលគ្មានអ្វីអាចយកមកប្រៀបផ្ទឹមបាន។ កម្ពុជា ទើបតែអាចស្វែង រកបាននូវឯកភាព ទឹកដី ជាពិយ្យោភាព និងសន្តិភាពភាពពិតប្រាកដ នៅចុងឆ្នាំ១៩៩៨ បន្ទាប់ពីការ បែកបាក់ផ្ទៃក្នុងជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សន្តិភាពនេះ ត្រូវបាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ដោយសារការលះបង់ដ៏ធំធេង និងគុណបុណ្យរបស់សម្តេចតេជោ ហ៊ុន សែន។

លោកក៏បានលើកឡើងថា វិនាសកម្ម នៃសង្រ្គាមនៅអ៊ុយក្រែន បានបញ្ជាក់ថា យើងមិនអាចស្វែងរកសន្តិភាពបានឡើយ នៅពេលមានស្រុកទេសសង្រ្គាម។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែធានារក្សា ការពារឱ្យបាននូវសន្តិភាព យើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព និងត្រូវតែចង់ចាំជានិច្ចនូវមហាគុណ បំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ដល់យើងទាំងអស់គ្នា។

លោក វង្សី វិស្សុត បន្តលើកឡើងថា ឱ្យតែមានសន្តិភាពកម្ពុជា នៅតែអាចបន្តអភិវឌ្ឍរីកចម្រើនទៅមុខ ពីមួយឆ្នាំទៅឆ្នាំ។ ជាក់ស្តែង ដូចជាកម្រិត នៃការអភិវឌ្ឍរីកចម្រើន នៃស្រុកមុខកំពូលរបស់របស់យើង ក៏ដូចជាក្នុងក្របខណ្ឌទូទាំងប្រទេស ធៀបទៅនឹងអតីតកាលកន្លងទៅ។

លោកបានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលអាចរក្សាបាននូវសុខសន្តិភាព ជូនប្រទេសមួយនេះ។ ក្នុងន័យនេះ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវតែដណ្តើមឱ្យបាននូវជ័យជំនះនៅក្នុងការ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ ក៏ដូចជាការបោះឆ្នោត លើកក្រោយៗទៀត ដើម្បីរក្សាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ និងប្រជាជន។

លោកក៏បានលើកឡើង អំពីសារៈសំខាន់ នៃការឃោសនាបោះឆ្នោត និងអំពីយុទ្ធសាស្រ្ត នៃការឃោសនា បោះឆ្នោត ព្រមទាំងអំពី វិធីសាស្រ្ត នៃបដិឃោសនា រួមទាំងច្បាប់នីតិវិធីពាក់ព័ន្ធ នឹងការបោះឆ្នោត តាមការកំណត់របស់ គជប ។ ទន្ទឹមនេះ ត្រូវខិតខំផ្សព្វកម្មវិធីនយោបាយ របស់បក្ស និងកម្មវិធីអភិវឌ្ឍន៍ឃុំ ២០២២-២០២៧ ឱ្យបានយល់ជ្រួតជ្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចេះធ្វើអាទិភាពនៃកម្មវិធីអភិវឌ្ឍឃុំនេះ ក៏ដូចជាត្រូវពិនិត្យ តម្រូវការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ស្របតាមសំណូមពរ និងតម្រូវការរបស់ប្រជាជន ជាក់ស្តែង ហើយក្រុមការងារ គណបក្សចុះមូលដ្ឋានភូមិឃុំនីមួយៗ នឹងផ្តល់ការគាំទ្រនៅពីក្រោយ។

លោកក៏បានណែនាំដល់មន្រ្តីបក្ស ត្រូវបន្តរក្សាឱ្យបាននូវ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងចេះធ្វើការក្នុងស្មារតីជាក្រុម ហើយដាច់ខាតមិនត្រូវភ្លេចបម្រើ ប្រជាជនឡើយ និងត្រូវយកប្រជាជនជាធំ ព្រមទាំងត្រូវខិតខំ ដោះស្រាយបញ្ហាជូនប្រជាជន តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវប្រងើយកន្តើយឡើយ។

លោកបានណែនាំ ឱ្យយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ទំនាស់ដីធ្លី និង ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ។ ក្រោយស្តាប់បទ ឧទ្ទេសនាមរួច សមាជិកសមាជិកា នៃអង្គប្រជុំ ពិសេសបេក្ខជន ជាក្រុមប្រឹក្សាឃុំ ទាំង បេក្ខជនពេញសិទ្ធិ បេក្ខជនបម្រុង និងមន្រ្តីឃោសនិកទាំងអស់ ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ បន្ថែមទៀត ដែលជាមូលដ្ឋាន យ៉ាងសំខាន់ សម្រាប់យកទៅឃោសនា ជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខ្លួន នាពេលខាងមុខ ដើម្បីដណ្តើមយកជ័យជំនះ ឱ្យខានតែបាន នៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំអាណិត្តិទី៥ សម្រាប់ស្រុកមុខកំពូល និងខេត្តកណ្តាលនិយាយដោយឡែក និងនិយាយជារួម សម្រាប់ក្របខណ្ឌទូទាំងប្រទេស៕