(ភ្នំពេញ)៖ គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធទូរគមនាគមន៍ (Video Conference)។

ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយ ព្រំដែនកម្ពុជា-ឡាវ ចំណែកភាគឡាវដឹកនាំដោយឧត្តមសេនីយ៍ត្រី វ៉ាន់ថន ប៊ុកតាក់វង្ស អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ក្នុងនាមកងយោធពលខេមរភូមិន្ទ និងក្នុងនាមគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ សូមសម្ដែងការស្វាគមន៍ និងគាំទ្រចំពោះការខិតខំរបស់ក្រុមការងារកងទ័ពទាំងពីរ ដែលបានរៀបចំកិច្ចប្រជុំនៅពេលនេះ ហើយការប្រជុំនាឱកាសនេះ គឺជាកិច្ចប្រជុំលើកទី២ រវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនរបស់កងទ័ពទាំងពីរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា តាមស្មារតីប្រជុំលើកទី១ គណៈកម្មការទាំងពីរ ក៏បានដាក់ចេញនូវកម្មវិធីប្រជុំ ជាមួយគ្នាតាមកាលវិភាគប្រចាំឆ្នាំ តែការប្រជុំកន្លងមកមិនអាចប្រព្រឹត្តទៅបានដោយមាន ការរាតត្បាតពីជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងពីរ រហូតមកដល់ពេលនេះការទប់ស្កាត់ជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាទទួលបានជោគជ័យ ហើយការរាតត្បាតក៏បានធូរស្រាលជាបណ្តើរៗ ដោយមានការដឹកនាំដ៏ប៉ិន ប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យកម្ពុជា បើកដំណើរការឡើងវិញលើគ្រប់វិស័យ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩។

បើតាមនាយឧត្តមសេនីយ៍ គោលបំណងការប្រជុំថ្ងៃនេះ ដើម្បីធ្វើការទំនាក់ទំនងគ្នា និងជំរុញឱ្យមានសន្តិសុខតាមព្រំដែនកម្ពុជា-ឡាវ ព្រមទាំងបន្តសហការគ្នាដែលជាប្រពៃណីតាំងពីយូលង់មកហើយ និងការរស់នៅដោយភាព សុខដុមជាមួយគ្នា ជាប្រទេសជិតខាងល្អភូមិផងរបងជាមួយគ្នា។

សារបាននៃការបង្កើតគណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខរបៀបរៀបរយ តាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា កើតឡើងពីឆន្ទះរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រី ក្រសួងការពារជាតិប្រទេសទាំងពីរ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងគោលបំណងជំរុញឱ្យមានការទំនាក់ទំនងរវាងកងទ័ពយើងទាំងពីរ តាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ដែលមានប្រពៃណីទំនាក់ទំនងជាបងប្អូន និងអ្នកជិតខាងល្អជាមួយគ្នាជាយូរមកហើយ ហើយក៏ធ្លាប់ជួយគ្នាទៅវិញទៅមកផងដែរ និងស្របតាមគោលបំណងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលតែងតែទំនាក់ទំនងគ្នា និងជួយគ្នាទៅវិញទៅមក ដូចនេះគណៈកម្មការទាំងពីរមានភារកិច្ចសំខាន់ណាស់ដែលជាអ្នកធ្វើឱ្យព្រំដែនទាំងពីរមានសន្តិភាព ស្ថេរភាព ដោយភាពសុខដុមគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន និងបង្កលក្ខណៈឱ្យស្ថាប័នជំនាញសហការគ្នាទប់ស្កាត់រាល់បទល្មើសនានា និងការអភិវឌ្ឍ។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាកើថា គណៈកម្មការទាំងពីរមិនមានភារកិច្ចក្នុងការដោះស្រាយលើកិច្ចការព្រំដែនទេ កិច្ចការព្រំដែនជាភារកិច្ចរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំងពីរ ជាអ្នកទទួលខុសត្រូវ។

ដើម្បីអនុវត្តឱ្យបានជោគជ័យតាមតួនាទី របស់គណៈកម្មការទាំងពីរ ធ្វើឱ្យព្រំដែនមានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយភាពសុខដុម, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសំណូមពរ និងដាក់ចេញកាលវិភាគធ្វើការជាមួយគ្នា ដូចខាងក្រោម៖

ទី១៖ យើងទាំងអស់ត្រូវមានឆន្ទៈ ធ្វើយ៉ាងណាឱ្យព្រំដែនរបស់យើងមានសន្តិភាព មិត្តភាព សាមគ្គីភាពសហការ និងការអភិវឌ្ឍន៍តាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំយើង ក្នុងនោះត្រូវទប់ស្កាត់រាល់សកម្មភាពណាដែលបំផ្លាញសន្តិភាព និងករណីដែលកើតឡើងត្រូវ ដោះស្រាយដោយសន្តិវិធី និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

ទី២៖ ជំរុញការទំនាក់ទំនងរបស់កងទ័ពយើងទាំងពីរ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ជាបងប្អូន និងអ្នកជិតខាងល្អ ដោយបង្កើតឱ្យមានការលេងកីឡា សិល្បៈកម្សាន្ត ទៅវិញទៅមក។ល។

ទី៣៖ បន្តយន្តការការងាររបស់គណៈកម្មការយើងទាំងពីរដែលបានដាក់ចេញក្នុងកិច្ចប្រជុំលើកទី១ កន្លងមក ជាពិសេសការជួបប្រជុំគ្នា១ឆ្នាំម្តង ក្នុងករណីចាំបាច់ជាប្រជុំជាលក្ខណៈវិសាមញ្ញ។
ចំពោះអ្នកប្រតិបត្តិថ្នាក់ក្រោមជួបប្រជុំជាមួយគ្នា០៦ខែម្តង ក្នុងករណីចាំបាច់អាចប្រជុំជាលក្ខណៈវិសាមញ្ញ និងបង្កើតប្រព័ន្ធខ្សែទូរស័ព្ទសម្រាប់ទំនាក់ទំនងគ្នាជាការប្រញាប់ (Hot line)៕