(កំពង់ឆ្នាំង)៖ ក្រុមអ្នកសារព័ត៌មានជាង៣០អង្គភាពក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ បានសហការគ្នាប្រារព្ធពិធីអបអរសាទរទិវាសេរីភាពសារ ព័ត៌មានពិភពលោក ៣ ឧសភា ដែលប្រព្រឹត្តទៅក្នុងស្រុករលាប្អៀរ ក្រោមអធិបតីភាពលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, លោក សាន់ យូ អភិបាលរងខេត្ត និងលោក ហឹង ខូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងថា ទិវាសេរីភាពសារព័ត៌មានមានសារៈសំខាន់ណាស់ សំរាប់ខេត្តកំពង់ឆ្នាំងយើង ហើយលោកចង់ឲ្យសហការគ្នាធ្វើពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នារវាងអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន និងអាជ្ញាធរដែនដី។ លោកចង់ឲ្យអ្នកសារព័ត៌មានទាំងអស់ ពង្រឹងវិស័យសារព័ត៌មានរបស់ខ្លួនដោយផ្សាយព័ត៌មានពិត ខ្លីខ្លឹម ដែលអាចជឿទុកចិត្តបាន។

ក្នុងឱកាសនោះលោក សាន់ យូ តំណាងឱ្យ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងថា សារព័ត៌មាន គឺជាអ្នកឆ្លុះបញ្ចាំងសង្គមការរីកចំរើន និងភាពអសកម្មគ្រប់យ៉ាងរបស់មន្ត្រីរាជការ ហើយក៏ជាអ្នកនាំពាក្យរាជ រដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ នឹងនាំទុក្ខកង្វល់របស់ប្រជាពលរដ្ឋជូនរាជរដ្ឋាភិបាលផងដែរ។

ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្សព្វផ្សាយ ពីភាពរីកចម្រើនរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញការងារកន្លងមក។ ជាក់ស្ដែងដូចជាការចុះជួយ ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ នៅឃុំផ្លូវទូក ស្រុកកំពង់លែងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដកហូតដីតំបន់៣មកវិញ ការបង្ក្រាបបទល្មើសនេសាទ និងពិសេសថ្មីៗ នេះការរៀបចំរបស់អាជ្ញាធរខេត្ត ក្នុងការធ្វើសង្ក្រានឆ្នាំថ្មីផងដែរ។ លោកក៏បានផ្ដាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់ សូមបន្តកិច្ចសហការជួយផ្សព្វផ្សាយ នូវព័ត៌មាន ដែលអាជ្ញាធរខេត្តបានកសាង និងអភិវឌ្ឍជាបន្តទៀត ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ខេត្តរបស់យើង។

បន្ថែមពីនេះ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានថ្លែងនូវការកោតសរសើរដល់សារព័ត៌មាន ក្នុងខេត្តដែលផ្ដួចផ្ដើមរៀបចំពិធីនេះឡើង។ និងសូមកោតសរសើរផងដែរ ដែលកន្លងមកបានសហការគ្នា ជួយផ្សព្វផ្សាយ ពីភាពរីកចម្រើនរបស់ខេត្ត។ លោកស្រីក៏សំណូមពរសុំសាមគ្គីគ្នាជួយផ្សព្វផ្សាយផ្សាយ ពីការរៀបចំការបោះ ឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ខាងមុខនេះឲ្យបានទូលំទូលាយផង។

ក្នុងកម្មវិធីនោះ អ្នកសារព័ត៌មាន ក៏បានសហការគ្នាជួយឧបត្ថម្ភដល់គ្រួសារអ្នកសារព័ត៌មានដែលប្ដីជាអ្នកសារព័ត៌មាន បានបាត់បង់ជីវិតដោយសារជម្ងឺចំនួន៤គ្រួសារក្នុងដោយ១គ្រួសារៗទទួលបានអង្ករ២០គីឡូ ទឹកស៊ីអ៊ីវ ១យួរ ,ទឹកត្រី១យួរ និងថវិកា១៥ម៉ឺនរៀលក្នុងនោះ៥ ម៉ឺនរៀលជាថវិការបស់លោកស្រី កែ ច័ន្ទមុនី។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីជួបជុំអ្នកសារព័ត៌មាន ក្នុងពេលនោះកុំមានរៀបចំទទួលទានអាហារសាមគ្គី ដែលមានការឧបត្ថម្ភកម្មវិធីពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង តាមរយៈលោក សាន់ យូ អភិបាលរងខេត្ត បាននាំយកនូវថវិកាចំនួន ១,០៩៨ ដុល្លារ លោកស្រី កែ ច័ន្ទមុនី ឧបត្ថម្ភចំនួន ១លានរៀល និងលោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងក៏បានជួយឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀលផងដែរ៕