(ត្បូងឃ្មុំ)៖ លោក ហាស់ វ៉ារី ទីព្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ បានយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃចំនួន ៧០អង្គ ដែលនិមន្ដចូលរួមបុណ្យបញ្ចុះខណ្ឌសីម៉ានៅវត្ត ហង្សារវត្ថី ហៅវត្តវាលម្លូរ និងប្រជាពលរដ្ឋ ២០០គ្រួសារ រួមទាំងជនមានពិការភាពចំនួន១៥នាក់ ស្ថិតនៅភូមិវាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ថ្លែងនាឱកាសនោះ លោក ហាស់ វ៉ារី ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈទាំងអស់។ សម្ដេចតេជោ ក៏បានយកចិត្តទុកដាក់គិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ដោយសម្តេចបានព្យាយាមទំនាក់ទំនង ស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ កុមារ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍។

លោក ហាស់ វ៉ារី បានបន្ថែមថា គិតមកទល់ពេលនេះប្រទេសរបស់យើង ស្ថិតក្នុងស្ថានភាពរឹងមាំ ក្នុងការចាកចេញពីជំងឺកូវីដ១៩ ទៅតាមប្រក្រតីភាពថ្មី ដើម្បីបើកឡើងវិញ នូវសកម្មភាពសង្គមសេដ្ឋកិច្ច ហើយសម្ដេចក៏បានប្រកាសដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស និងកំពុងតែវិល ត្រឡប់ទៅរកការរីកចម្រើនដូចដើមវិញ។

បន្ថែមពីនេះលោក ហាស់ វ៉ារី ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសចាក់ឱ្យបានគ្រប់ដូស តាមការណែនាំរបស់ សម្តេចតេជោ និងក្រសួងសុខាភិបាល ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ រួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា អំណាយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសនោះរួមមាន៖ ព្រះសង្ឃ៧០អង្គ ក្នុងមួយអង្គទទួលបានស្លាដក់មួយ និងបច្ច័យ៥ម៉ឺនរៀល ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១បេ មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ស្កសរ ទឹកដោះគោ ប៊ីចេង១កញ្ចប់ ក្រម៉ា១ សារ៉ុង១ អាវ១ និងថវិកាមួយចំនួន។ ដោយឡែកជនមានពិការភាព ១៥នាក់ ក្នុងមួយនាក់ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕