(កណ្ដាល)៖ លោក លោក ងួន សុវណ្ណ ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាពន្ធដារថ្មីខេត្តកណ្ដាលជំនួសលោក នុត វុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី គឺអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យមនៃអគ្គនាយកដ្ឋានពន្ធដារ។

ពិធីប្រកាសបានធ្វើឡើង នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ, លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តតំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ស្ថិតក្នុងឱកាសនេះ លោក នូវ ប៉េង ច័ន្ទតារា បានកោតសរសើរលើការខិតខំកន្លងមករបស់លោកអតីតប្រធានសាខាពន្ធដារខេត្តកណ្ដាល ដែលបានសម្រេចស្នាដៃប្រមូលពន្ធជូនរដ្ឋបានរហូតដល់ទៅលើសផែនការជិត ៤០០ រយភាគរយដែលនេះជាតឹងតាងស្នាដៃល្អមួយ និងជាគំរូល្អដល់មន្ត្រីរាជការត្រូវទាំងអស់ ដើម្បីក្នុងការខិតខំបំពេញការងារ និងប្រមូលពន្ធចូលរដ្ឋឲ្យបានកាន់តែច្រើនឡើងៗ។

ថ្លែងនៅក្នុងពិធីតែងតាំងនេះ លោក កែន សម្បត្តិ បានលើកឡើងថា ការប្រកាស និងផ្ទេរមុខតំណែងប្រធានសាខាពន្ធដារថ្មីនេះ មិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ។

លោកថា «បំរើសេវាសាធារណៈយកទៅប្រតិបត្តិការក្រសួងស្ថាប័ននានានៅក្នុងប្រទេសដូចជា បើកប្រាក់បៀវត្សរ៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ នេះសុទ្ធតែជាចេញពីចំណូលរបស់យើងហ្នឹងការពារអធិបតេយ្យ ឬក៏ទៅកសាងប្រព័ន្ធធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានកំណែទម្រង់នានារបស់រដ្ឋ ហើយបានទាំងផ្នែករឹង-ទន់ ហើយការចាយនេះ គឺយើងមានអភិក្រមច្បាស់លាស់ មានក្របខ័ណ្ឌមានការចាយវាយមាន តម្លាភាពនិងមានប្រសិទ្ធភាព»

អគ្គនាយករងពន្ធដារបា នបន្តទៀតថា «មកទល់ពេលនេះបងប្អូនប្រជាពលរដ្ឋរបស់យើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឲ្យការប្រមូលចំណូលពន្ធរបស់យើងនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ហើយកត្តាដែលធ្វើឲ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឲ្យអ្នកវិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ បង្កើតឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន តម្រូវឲ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់»

ស្ថិតក្នុងកម្មវិធីនេះលោក នុត វុត្ថា បានឡើងថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានផ្ដល់ឱកាសជូនលោកឡើងតំណែងទៅជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចពន្ធ និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ ដែលនេះជាការផ្តល់នូវឱកាសជូនលោកក្នុងការបម្រើប្រជាពលរដ្ឋ និងបម្រើជាតិ ធ្វើយ៉ាងណាចូលរួមក្នុងការប្រមូលពន្ធជូនរដ្ឋតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងកាសនោះ លោក ងួន សុវណ្ណ បានប្តេជ្ញាចិត្តថា លោកនឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឲ្យកាន់តែមានការរីកចម្រើនទៅមុខ ជាពិសេសនឹងបន្តចុះផ្សព្វផ្សាយដល់ការយល់ដឹងពីច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យការប្រមូលចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ៕