(កំពត)៖ លោក ជឹង ផល្លា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះផ្តល់អំណោយកាកបាទក្រហមកម្ពុជា ដល់ពលរដ្ឋប្រមាណ១២១គ្រួសារ ដែលរងគ្រោះគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់ នៅស្រុកអង្គរជ័យ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងបរិវេណវត្តអង្គស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ។

លោក ជឹង ផល្លា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់នាពេលនេះ។

លោកថា ជានិច្ចកាលសម្តេចទាងទ្វេ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ជឹង ផល្លា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច នៅពេលដែលអាកាសធាតុមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ធ្វើយ៉ាងណានាំបងប្អូនកូនចៅទៅរកកន្លែងសុវត្ថិភាព ធ្វើយ៉ាងណាកុំឱ្យ មានគ្រោះថ្នាក់ដល់ជីវិត ឬធ្វើឱ្យរងរបួសជាដើម។

ទន្ទឹមនេះដែរ លោកប្រធានកិត្តិយសសាខា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែរក្សាឱ្យបាននូវអនាម័យស្អាត ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីឱ្យមានសុខភាពល្អ ពិសេសអនុវត្តន៍ឲ្យខាងតែបានវិធានការ សុវត្តិភាព «៣កុំ និង៣ការពារ» ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ បើទោះបីជាយើងបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយក្តី។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានកើតឡើងនៅក្នុងស្រុកអង្គរជ័យ ដែលធ្វើឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១២១គ្រួសារ ក្នុងនោះរងគ្រោះមធ្យមចំនួន ១០៦គ្រួសារ ស្រាល ៨គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរចំនួន ៧គ្រួសារ។

ក្នុងឱកាសនោះ លោក ជឹង ផល្លា បានផ្តល់អំណោយ ដល់គ្រួសាររងគ្រោះទាំង ១២១គ្រួសារ ក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ២០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ និងថវិកា ៥ម៉ឺនរៀល និងប្រគេនទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ក្នុងវត្តអង្គស្តុក អង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ត្រីខ ២០កំប៉ុង ទឹកសុទ្ធ២កេស និងថវិកា២០ម៉ឺនរៀលផងដែរ៕